កូរ៉េនឹងជួយលើកកម្ពស់ជំនាញបច្ចេកទេសដល់ពលករកម្ពុជា

វិទ្យុជាតិកម្ពុជ៖ លោក ជួន បូណា ២២ ០៧ ១៩ ៖ 
រដ្ឋាភិបាលកូរ៉េនឹងជួយលើកកម្ពស់ជំនាញបច្ចេកទេសដល់ពលករកម្ពុជា ដើម្បីធ្វើយ៉ាង​ណា​ឲ្យ​ពលករកម្ពុជាមានជំនាញច្បាស់លាស់សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមនៅកម្ពុជាវិញ។


ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ ស្តីពីប្រព័ន្ធអនុគ្រោះការងារ(EPS)នៅ​ទីស្តីការក្រសួង ឯកឧត្តម KIM DONG MAN ប្រធានអង្គភាពអភិវឌ្ឍន៍​ធនធានមនុស្សនៃ​សាធារ​ណរដ្ឋកូរ៉េបានលើកឡើងថា ភាគីកូរ៉េនឹងផ្តល់ជូនអ្នកបច្ចេកទេស ដើម្បីបណ្តុះបណ្តាល​ផ្នែក​បច្ចេក​វិទ្យាដល់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅសាធារណ​រដ្ឋកូរ៉េឲ្យ​ទទួលបាននូវ​ជំ​នាញសំខាន់ៗ ផ្នែកបច្ចេកវិទ្យានេះកាន់តែប្រសើរ ហើយនៅពេលពួកគេត្រឡប់​មកស្រុកកំណើត​វិញនឹងមានជំនាញមួយច្បាស់លាស់ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។


ឯកឧត្តមបន្ដថា សាធារណកូរ៉េ នឹងបន្តបង្កើនកូតាសម្រាប់ពលករកម្ពុជាបន្ថែមទៀត ដោយ​មើល​ឃើញពីអត្តចរិតស្លូតបូតឧស្សាហ៍ព្យាយាមរបស់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅ សា​ធារ​ណរដ្ឋកូរ៉េ និងកិច្ចសហការល្អរវាងប្រទេសទាំងពីរ ។
ទន្ទឹមនឹងនេះ​ដែរ ឯកឧត្តមប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យនៃការបញ្ជូនពលករនេះ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
ឯកឧត្តម អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ HRD-KOREA ដែលបន្តជួយជ្រើសរើសកម្លាំងពលកម្មបរទេស ជាពិសេសបងប្អូនពលករ-ពលការិនីកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីសង្ឃឹមថា ក្នុងអាណត្តិការងាររបស់ ឯកឧត្តមបណ្ឌិត KIM DONG MAN ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ រយៈពេល ៣ឆ្នាំនេះ នឹងកាន់តែធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូលពលករទៅបរទេសនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ(MTOSB)និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ(HRD-KOREA)កាន់តែប្រសើរឡើងបន្តទៀត។
សូមបញ្ជាក់ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ សម្រាប់រយៈពេលនៃការ​បញ្ជូនពលករទៅ​កាន់ប្រទេសកូរ៉េ តែបើធៀបជាមួយប្រទេសធំៗវិញ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ដែលបានបញ្ជូនពលករច្រើនជាងគេក្នុងចំណោម ១៦ប្រទេសក្នុងឆ្នាំ២០១៩នេះ ៕