អគ្គស្នងការនគរបាលជាតិពង្រីកយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

វិទ្យុជាតិកម្ពុជា៖ ដោយ អាត ចន្ធូ៖  អគ្គស្នងការនគរបាលជាតិពង្រីកយុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់កុំអោយគ្រឿង ញៀនហូរចូលមកក្នុងប្រទេសកម្ពុជា។


អគ្គស្នងការនគរបាលជាតិបានប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដើម្បីផ្សព្វផ្សាយដល់ស្ថាប័ន និងអង្គភាពភាគីពាក់ព័ន្​ធ​​ទាំង​អស់ឲ្យបានយល់ដឹងកាន់តែច្បាស់នូវរាល់ចំនុចដែលត្រូវអនុវត្តនៃផែនការសំខាន់ៗ នៃយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន។


ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស​គ្រឿង​ញៀននៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិបានមានប្រសាសន៍ថា យុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស​គ្រឿង​ញៀននៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមនេះធ្វើឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែកក្ក​ដា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។
ឯកឧត្តមបានបញ្ជាក់ថា យុទ្ធនាការនេះនឹងផ្តោតសំខាន់លើការទប់ស្កាត់ សកម្មភាពនៃការ​ដឹក​ជញ្ជូនគ្រឿងញៀនទៅវិញទៅមកឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ជាងនេះទៅទៀតដើម្បីលើកកម្ពស់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់ព្រំដែនឲ្យកាន់តែល្អប្រសើរឡើងដោយរួមសហការជាមួយភាគីវៀតណាមបញ្ចៀសឲ្យបាននូវឥទ្ធិពលអវិជ្ជមាននានាបណ្ដាលមកពីគ្រឿងញៀនផងដែរ៕