កងនគរបាលចាប់ផ្តើមឃាត់ម៉ូតូទុកចំពោះអ្នកមិនពាក់មួកសុវត្ថិភាព

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖ កងនគរបាលចាប់ផ្តើមធ្វើយុទ្ធនាការរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកវិញ ដោយឃាត់ម៉ូតូទុក ចំពោះអ្នកមិនពាក់មួកសុវត្ថិភាព ដើម្បីជាការជំរុញឲ្យមានការពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ។


អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែកក្កដានេះ បានធ្វើយុទ្ធនាការរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្ដាគោលដៅនានា ក្នុងក្របខណ្ឌទូទាំងប្រទេសចំពោះអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព។


យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆមាសទី១ឆ្នាំ២០១៩នេះ បានកើនឡើង៥៣៨ករណី ដោយបានសម្លាប់មនុស្ស១០៣៣នាក់ និងរបួសចំនួន៣២២៤នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព ត្រូវឃាត់ទុកសិន ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។ ឯកឧត្តមបន្តថា យុទ្ធនាការនេះ នឹងត្រូវធ្វើឡើងរយៈពេលពេញ១ខែតែម្ដង ដើម្បីឲ្យអ្នកបើកម៉ូតូ និងអ្នកជិះពីក្រោយពាក់មួកសុវត្ថិភាពទាំងអស់គ្នា សំដៅបង្ការរងរបស់ក្បាល ខណៈជនរងគ្រោះដោយមិនពាក់មួកសុវត្ថិភាពមានចំនួនច្រើនប្រមាណជាង៨០ភាគរយ។ ឯកឧត្តមបន្តទៀតថា យុទ្ធនាការនេះ ធ្វើនៅទូទាំងប្រទេសទាំងយប់ ទាំងថ្ងៃ នៅតាមគោលដៅចល័ត។
បើតាមការឲ្យដឹងរបស់លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានបញ្ជាក់ថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ អាចកាត់បន្ថយការរងរបួសក្បាលធ្ងន់ធ្ងរបាន៦៩ភាគរយ និងបញ្ចៀសការស្លាប់បាន៤២ភាគរយ។
របាយការណ៍របស់អគ្គស្នងការរងនគរបាលជាតិ បានបង្ហាញថា នៅពេលថ្ងៃមានអ្នកពាក់មួកសុវត្តិភាពជិះម៉ូតូច្រើនប្រមាណ៨០ភាគរយ ហើយពេលយប់ការពាក់មួកសុវត្ថិភាពមានការថយចុះច្រើននៅប្រហែល៣០ភាគរយ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនរួមមាន៖ ការរឹតបន្តឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការរៀបចំផ្លូវថ្នល់ឲ្យមានសុវត្ថិភាព បញ្ចប់ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ជាដើម សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឲ្យបានក្នុងកម្រិតអប្បបរមា៕