ទីក្រុងសេអ៊ូលបានបង្កើនល្បឿនដើម្បីទទួលបានការគាំទ្រ ពីអន្តរជាតិ​លើជម្លោះពាណិជ្ជកម្មជាមួយទីក្រុងតូក្យូ

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ — ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងបញ្ជូនអនុរដ្ឋមន្រ្តី​ទៅចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាទូទៅរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) នៅ​សប្តាហ៍​​នេះ​ ដើម្បីប្រាប់ដល់សហគមន៍អន្តរជាតិថា ការហាមឃាត់ការនាំចេញរបស់ទីក្រុង​តូក្យូ​ប្រឆាំង​នឹងទីក្រុងសេអ៊ូល គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ ហើយថា វាគួរតែដកវិធានការនេះ​ភ្លាមៗ។

លោក Kim Seung Ho អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពហុភាគី និងច្បាប់នៅក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនឹងចូលរួមកិច្ចប្រជុំ WTO នៅថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសដែលអ្នកតំណាងនៃប្រទេសជាសមាជិកចំនួន ១៦៤ នឹងជួប​ជុំគ្នា ដើម្បីពិភាក្សាគ្នាអំពីបញ្ហាពាណិជ្ជកម្មសកលនាពេលថ្មីៗនេះ។

យោងតាមសំណើរបស់ទីក្រុងសេអ៊ូលបញ្ហា នៃបទបញ្ញត្តិដ៏តឹងតែងរបស់ប្រទេសជប៉ុនត្រូវបានគេដាក់ឈ្មោះថា ជារបៀបវារៈផ្លូវការមួយ សម្រាប់ក្រុមប្រឹក្សាទូទៅដែលជាស្ថាប័ន​ធ្វើការ​សម្រេចចិត្តខ្ពស់បំផុតរបស់ WTO នៅគៀកនឹងសន្និសីទថ្នាក់រដ្ឋមន្ត្រីដែលធ្វើឡើង​​ពីរដងក្នុងមួយឆ្នាំ។

ទីក្រុងតូក្យូបានប្រកាសពីការរឹតបន្តឹងការនាំចេញរបស់ខ្លួនកាលពីដើមខែនេះ ដោយ​រឹតបន្តឹងការនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងនូវសម្ភារៈបច្ចេកវិទ្យាសំខាន់ៗ ដែលត្រូវ​បាន​ប្រើប្រាស់ ដើម្បីផលិតឧបករណ៍អេឡិចត្រូនិក និងបន្ទះអេក្រង់។

នៅឯការជួបជុំនេះ លោក Kim គ្រោងនឹងចង្អុលបង្ហាញថា​ ការរឹតត្បិតផ្នែកពាណិជ្ជកម្ម​នាពេលថ្មីៗរបស់ជប៉ុន មិនអនុលោមទៅតាមបទបញ្ជារបស់អង្គការពាណិជ្ជកម្មពិភពលោក​ ហើយលោកនឹងស្នើឱ្យប្រទេសដទៃទៀតជួយដល់កិច្ចប្រឹងប្រែង ដើម្បីអំពាវនាវឱ្យទីក្រុងតូក្យូ​ដក​ចេញវិធានការនេះ ដែលអាចមានផលប៉ះពាល់យ៉ាងធំធេងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជា​សកល។

ប្រទេសជប៉ុនកំពុងគំរាមកំហែង យកប្រទេសកូរ៉េខាងត្បូងចេញពីបញ្ជីសុវត្ថិភាព​អ្នកនាំ​ចូលដែលអាចជឿទុកចិត្តបាន ដែលនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចធំបំផុតទីបួន​របស់អាស៊ី។

រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីពេលមុនបាននិយាយថា ខ្លួនបានចាប់ផ្តើមពិនិត្យឡើង​វិញ​ផ្នែកច្បាប់នៃផែនការ​ ដើម្បីដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក អំពីការរឹត​បន្តឹងលើការនាំចេញរបស់ប្រទេសជប៉ុន បើទោះបីជាវាមិនទាន់បានសម្រេចលើកាលវិភាគ​លម្អិត៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)