សហរដ្ឋអាមេរិកប្រឆាំងទៅនឹងសកម្មភាពរបស់ចិនក្នុងការ រាំងស្ទះសកម្មភាពប្រេង និងឧស្ម័ននៅសមុទ្រខាងកើត

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩​ ​– ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានរាយការណ៍ថា ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក (DoS) បានសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍ដែលថា ប្រទេសចិនកំពុងរារាំងសកម្មភាពប្រេង និងឧស្ម័នរបស់ប្រទេសដទៃទៀតនៅសមុទ្រខាងកើត ហើយបាននិយាយថា សកម្មភាពទាំងនោះ គឺជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។

អ្នកនាំពាក្យរបស់ DoS លោកស្រី Morgan Ortagus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ខែកក្កដា ថា ការទាមទាររបស់ចិន នឹងការធ្វើសមយុទ្ធយោធាលើសមរភូមិនៅសមុទ្រខាងកើត រួមជាមួយនឹងការខិតខំប្រឹងប្រែងដទៃទៀតដើម្បីអះអាងនូវការទាមទារដែនសមុទ្រនៅសមុទ្រខាងកើតដែលមិនស្របច្បាប់ រួមទាំងការប្រើកងជីវពលដែនសមុទ្រដើម្បីបំភិតបំភ័យ នឹងគំរាមកំហែងដល់ប្រទេសដទៃទៀត គឺជាការធ្វើឱ្យអន្តរាយដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។

ដោយការរារាំងការអភិវឌ្ឍនៅសមុទ្រខាងកើតតាមរយៈការបង្ខិតបង្ខំប្រទេសចិនបានរារាំងសមាជិកអាស៊ានមិនឱ្យប្រើប្រាស់ប្រាក់បម្រុងថាមពលដែលមានចំនួនជាង ២,៥ទ្រីលានដុល្លារអាម៉េរិក។

លោកស្រីបាននិយាយបន្ថែមថា សកម្មភាពទាំងនេះរបស់ប្រទេសចិន គឺកំពុងរំខានជាពិសេសដល់ការស្រាវជ្រាវរុករកប្រេង និងឧស្ម័នរបស់វៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)