សម្តេចប្រធានរដ្ឋសភា ជឿជាក់ថា ឯកអគ្គរដ្ឋទូតស៊ុយអែតឃើញពីការពិតរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ២២ ០៧ ២០១៩៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ជឿជាក់ថា ឯកអគ្គរដ្ឋទូតស៊ុយអែតពិតជាបានឃើញជាក់ស្តែងនូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា រួមទំាងសភាពការណ៍ពិតនៅកម្ពុជា ដែលផ្ទុយពីការបំពងសំឡេងនៅខាងក្រៅ ដើម្បីផលប្រយោជន៍នយោបាយរបស់ក្រុមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។


ថ្លែងក្នុងឱកាសទទួលជំនួបជម្រាបលារបស់លោកជំទាវ ម៉ារៀ សាហ្គ្រេន (Maria Sargren) ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មជាឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា នាវិមានរដ្ឋសភា ព្រឹកថ្ងៃទី២២ ខែកក្កដានេះ សម្តេចពញាចក្រី បានលើកឡើងថា ស៊ុយអែត ជាប្រទេសមួយ​ដែលស្ថិតនៅក្នុងសហគមអឺរ៉ុប ដែលបានជួយកម្ពុជាចាប់ពីរបបខ្មែរក្រហមបានដួលរលំ និងជាបន្តបន្ទាប់មក ព្រមទាំងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជា ដោយក្នុងរយៈពេល៥ឆ្នាំមកនេះ តាមរយៈសីដា បានផ្តល់ជំនួយអភិវឌ្ឍលើវិស័យផ្សេងៗ ក្នុងចំនួនទឹកប្រាក់ជាង១០០លានដុល្លារអាមេរិក។ សម្តេចបានសំណូមពរដល់ប្រទេសស៊ុយអែត បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា និងក្រុមអ្នកស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត លើវិស័យអាទិភាព ដូចជាការអភិវឌ្ឍកសិកម្ម ការអភិវឌ្ឍទីក្រុងវ៉ៃឆ្លាត ទេសចរណ៍ សហគ្រិនស្រ្តី និងសេដ្ឋកិច្ចឌីជីថល ជាដើម។ ជាមួយគ្នានេះ ក៏បានស្នើសុំការបន្តជួយផ្សព្វផ្សាយ លើកទឹកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរណ៍ មកកំសាន្តនៅកម្ពុជា។
លោកជំទាវ ម៉ារៀ សាហ្គ្រេន បានអបអរសាទរពីការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលជាកក្តាសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រស្របតាមគោលដៅអភិវឌ្ឍន៍សហវត្សរ៍។ លោកជំទាវឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ប្រទេសស៊ុយអ៊ែត បានចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាជាច្រើនវិស័យមានដូចជា ការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអប់រំ ការអភិវឌ្ឍសហគមន៍ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ ជាដើម។ លោកជំទាវបន្តថា ក្នុងបេសកកម្មការទូត៣ឆ្នាំនៅកម្ពុជា លោកជំទាវបានឃើញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ មានការរីកចម្រើន ទំាងផ្នែកពាណិជ្ជកម្ម ការទូត និងវប្បធម៌៕