ខេត្តបាត់ដំបង ប្រារព្ធពិធីអបអរ សាទរ ខួបលើកទី ១៥៦ ទិវាពិភពលោក

ខេត្តបាត់ដំបង ប្រារព្ធពិធីអបអរសាទរ ខួបលើកទី ១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៩ ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា”

ពិធីនេះបានរៀបចំធ្វើកាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៩ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ក្រោមធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក ជំទាវ លោកលោកស្រី មន្រ្តីរាជការ សមាជិក សមាជិកា សប្បុរសជន គ្រប់មជ្ឈដ្ឋាន ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ ជិត ២.០០០ នាក់។

ឯកឧត្តម បណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាត់ដំបង បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ និងការឧបត្ថម្ភ គាំទ្រគ្រឹះ ដ៏រឹងមាំ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចលនា និងសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងមានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ព្រមទាំងមានការចូលរួមពី រដ្ឋបាលគ្រប់ជាន់ថ្នាក់ ពីអង្គភាពនានា និងសប្បុរសជនទាំងអស់ បានបង្ហាញឲ្យឃើញ នូវជំនឿទុកចិត្ត ចំពោះការដឹកនាំ គ្រប់គ្រង ប្រកបដោយតម្លាភាព គណនេយ្យភាព ផ្តល់នូវសេវាកម្ម មនុស្សធម៌ដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការជួយ ជនរងគ្រោះ ជនងាយរងគ្រោះ ជនក្រីក្រ និងប្រជាពលរដ្ឋ ជួបវិបត្តផ្សេងៗដោយឈរលើគោលការណ៍គ្រឹះទាំង ៧ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន កិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានលើកឡើងថាតាមរយៈសេចក្តីថ្លែងការណ៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានជំរ្ញញអោយយកចិត្តទុកដាក់ តាមដានព័ត៌មាន គ្រប់ជ្រុងជ្រោយ និងក្តាប់ឲ្យបានស្ថានភាពងាយរងគ្រោះនៅតាមសហគមន៍ និងត្រូវមានមុខភ្លាមៗ នៅពេលមានមហន្តរាយកើត ឡើង ត្រូវយកចិត្តទុកដាក់ និងដោះស្រាយឲ្យអស់លទ្ធភាពក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាន កោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិកសមាជិកា នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសប្បុរសជន ដែលបានបង្កើត នូវព្រឹត្តិការណ៍នេះឡើង ហើយបានបង្ហាញ អំពីសាមគ្គីភាពជាធ្លុងមួយ ធ្វើឲ្យដំណើរការ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់កន្លងមក។
សម្តេច បានផ្តល់នូវអនុសាសន៍ សំខាន់ៗដើម្បីរួមចំណែកគាំទ្រ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងការ ដឹកនាំគ្រប់គ្រង និងបំពេញភារកិច្ច តួនាទី ដោយឈរលើស្មារតីយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ឲ្យបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា ថវិកាដែលទទួលបានពីការប្រារព្ធពិធីនេះសរុបចំនួន១.៨១៩.៧៦០,២៥ ដុល្លារអាមេរិក ៕