អាជ្ញាធរស្រុកកងមាស ដាំកូនត្នោត ដែលជាកេរ្តិ៍មរតក របស់ខ្មែរយើង នៅតំបន់ទំនប់បង្ហៀរក្តាក់

វិទ្យុជាតិកម្ពុជា

កំពង់ចាម៖ អាជ្ញាធរស្រុកកងមាស រួមជាមួយកងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នឹង ប្រជាពលរដ្ឋ ក្នុងស្រុកកងមាសខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩ បានដាំកូនត្នោត ដែលជាកេរ្តិ៍មរតក របស់ខ្មែរយើង នៅ ទំនប់បង្ហៀរក្តាក់ ទឹកបឹងក្ដាក់ ប្រវែងជាង2000ម៉ែត្រ ស្ថិតក្នុងឃុំព្រែកក្របៅ។

ការដាំកូនត្នោតនេះឡើងគឺបន្ទាប់ពី អាជ្ញាធរស្រុកបាន ស្តារស្រះទឹក តាលីវ ដែលនៅឃ្លាតពីតំបន់ទំនប់បង្ហៀរក្តាក់ ប្រហែល ១.០០០ ម៉ែត្រដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្ត ។

លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅបានប្រាប់ឲ្យដឹងថា ការដាំកូនត្នោត ដែលជាកេរ្តិ៍មរតក របស់ខ្មែរ​​នៅទំនប់បង្ហារទឹក​បឹងក្ដាក់នេះគឺបន្ទាប់ពី អាជ្ញាធរបានចំណាយទឹកប្រាក់ជំនួយរបស់អង្គការស្ពានហូឡង់ ប្រាក់សប្បុរសជន និងបដិភាគរបស់ប្រជាពលរដ្ឋសរុបចំនួន ៧៣.៥០០ ដុល្លារអាមេរិក ដើម្បីស្តារស្រះ«តាលីវ»ដែលមានទទឹងប្រវែង ៩០ ម៉ែត្រ និងបណ្តោយប្រវែង ១០០ ម៉ែត្រ។ ស្រះនេះមានសមត្ថភាពអាចផ្ទុកទឹកបាន ៥០.០០០ ម៉ែត្រត្រីគុណ អាចបម្រើឲ្យការស្រោចស្រពផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋចំនួនពីរភូមិ។

លោកមេឃុំបន្តថា ដើម្បីកែប្រែ និងអភិវឌ្ឍន៍តំបន់ស្រះទឹកតាលីវ និងតំបន់ទំនប់បង្ហៀរក្តាក់ដែលនៅឃ្លាតគ្នាប្រហែល ១.០០០ ម៉ែត្រ នោះ ក្រុមការងារបានស្ថាបនាផ្លូវកម្ទេចថ្មភ្នំចំនួនពីរខ្សែប្រវែងជាង ២.០០០ ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំអស់ចំនួន ៩២លានរៀល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរដែលធ្លាប់អញ្ជើញទៅលេងកម្សាន្តតំបន់​ទំនប់ក្តាក់នារដូវទឹកទន្លេមេគង្គឡើងជារៀងរាល់ឆ្នាំនោះ។

លោក មឿន ផា អភិបាលស្រុកកងមាសបានឲ្យដឹងដែរថា តំបន់ទាំងពីរខាងលើ គឺពិតជាមានសក្តានុពលលើវិស័យ​ទេសចរណ៍យ៉ាងប្រាកដ ដែលជាក់ស្តែងកាលពីរដូវទឹកទន្លេមេគង្គឡើងបណ្តាឆ្នាំកន្លងទៅ មានមនុស្សទៅលេងកម្សាន្តយ៉ាងកុះករនៅទីនោះ។

លោកបានបន្តថា ឥឡូវនៅស្រុកកងមាសមានតំបន់សម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្តចំនួន បី កន្លែង គឺរមណីយដ្ឋានទំនប់​តាកុដិ ក្នុងភូមិអូរកណ្តោល តំបន់ទំនប់បង្ហៀរក្តាក់ ក្នុងភូមិព្រែកក្របៅ និងតំបន់ស្រះតាលីវ ក្នុងភូមិអណ្តូវតាអុង ឃុំព្រែកក្របៅនេះ៕