ប្រធានកាកបាទក្រហមកម្ពុជាផ្ដល់អនុសាសន៍ចំនួន៧ចំណុចដល់យុវជន ដើម្បីបន្តសកម្មភាពមមនុស្ស​ធម៌ឲ្យកាន់តែល្អប្រសើ

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ជួន បូណា

ភ្នំពេញ៖សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរានី ហ៊ុន សែនផ្ដល់អនុសាសន៍ចំនួន៧ចំណុចដល់យុវជន​​កាកបាទក្រហមកម្ពុជាដើម្បីបន្តចូ​លរួ​ម​​​​សកម្មភាពមមនុស្សធម៌ជួយដល់ជនរងគ្រោះ  និងងាយរងគ្រោះឲ្យទាន់ពេលវេលាប្រកដោយប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារ កាកបាទក្រហមកម្ពុជាសាខារាធានីភ្នំពេញឆ្នាំ ២០១៨-២០១៩ ទិសដៅអនុវត្ដបន្ដ និង​ការពាក់​កន្សែងកាកបាទក្រហមកម្ពុជាសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត  ប៊ុន  រានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  បានណែនាំថា ៖  ទី១ត្រូវរួមគ្នាបន្ដពង្រឹង  និងពង្រីកកម្លាំងយុវជនកាកបាទក្រហមកម្ពុជា  តាមលទ្ធភាពជាក់ស្ដែងតាមសាខានីមួយៗ  តាមរយៈពង្រឹងសមត្ថភាពយុវជន  ការផ្ដល់ឱកាសស្វ័យភាព  ការគ្រប់គ្រង សកម្ម​ភាព ការងារ បណ្ដុះបណ្ដាល ជំនាញ ដើម្បីចូលរួម សកម្មភាព ត្រៀមបង្ការទៅនឹងគ្រោះមហន្ដ​រាយ  ការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ការបរិច្ចាគឈាម  ការសម្អាតបរិស្ថាន  និង​ការដាំដើមឈើអោយបានច្រើន  ដើម្បីបង្កើតបរិស្ថានអោយបានកាន់តែល្អប្រសើរ  សម្រាប់សង្គម ជាតិ។

ទី២ត្រូវរួមគ្នាបន្ដពង្រឹង សកម្មភាព មិត្ដអប់រំមិត្ដ  មិត្ដជួយមិត្ដនៅគ្រប់ ក្លិបយុវជនកាកបាទក្រហមកម្ពុជា  តាមរយ:ជួយឧត្ថមគាំទ្រសិស្សនិស្សិតដែលមានជីវភាពលំ​​បាកក្នុងការសិក្សា  និងការរស់នៅប្រចាំថ្ងៃ  នៅតាមសាលា  សាកលវិទ្យាល័យ  ប្រកបដោយ​ប្រសិទ្ធភាព  ត្រូវរួមចំណែកផ្ដល់ចំណេះដឹង  ស្ដីពីសង្គ្រោះបឋម ការថែទាំអនាម័យ  និងសុខភាព  ការពារជំងឺឆ្លង  ជំងឺ មិន ឆ្លង ក្នុងសហគមន៍  ត្រូវជួយផ្សព្វផ្សាយអប់រំសុខភាពក្នុងគ្រាអាសន្ន  នៅតាមសាខាទាំង២៥រាជធានី-ខេត្ដ  ។ទី៣ត្រូវរួមគ្នាពង្រឹងយន្ដការគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា  ដែលមានស្រាប់  តាមរយៈផ្ដល់បណ្ណសម្គាល់ខ្លួនដល់យុវជន  និងការពង្រឹងកិច្ចសហប្រតិបត្ដិការថ្នាក់ជាតិ  និងអន្ដរជាតិ  តាមរយៈការធ្វើទស្សនកិច្ចសិក្សា ផ្លាស់ប្តូរ បទពិសោធន៍ សិក្ខាសាលា  វេទិកា យុវជន  និងវគ្គបណ្ដុះបណ្ដាលនានា  ដើម្បីធានាសុខដុមនីយកម្ម  និងរឹតចំណងមិត្ដភាព  សាមគ្គី ភាព   ក្នុងចំណោមយុវជនទាំងក្របខណ្ឌជាតិ  តំបន់  និងអន្ដជាតិ  ។ទី៤ត្រូវបន្ដឲ្យមានវគ្គបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ដល់យុវជន  រួមទាំងបន្ដការផ្សព្វផ្សាយនូវសេចក្ដីណែនាំនានា របស់កាកបាទក្រហមកម្ពុជា  ឲ្យបានប្រកបដោយប្រសិទ្ធភាព  និងទូលំទូលាយ  ដើម្បីងាយស្រួលក្នុងការបំពេញសកម្មភាពមនុស្សធម៌នៅគ្រប់មជ្ឍដ្ឋានទូទាំងប្រទេស ។ ទី៥ត្រូវបន្ដការបង្កើនការយកចិត្ដទុកដាក់ខ្ពស់ថែមទៀត ជាពិសេស លើកទឹកចិត្ដយុវជនឲ្យចូលរួមជាកម្លាំងស្ម័គ្រចិត្ដ  ដើម្បីធានានូវវឌ្ឍនភាព  និងចីរភាពនៃកម្លាំងមនុស្សធម៌វ័យក្មេងសម្រាប់បន្ដវេនក្នុងសកម្មភាពជួយសហគមន៍ នៅគ្រប់ រាជធានីខេត្ដ។ទី៦ ត្រូវរួមគ្នាពង្រឹងសាមគ្គីភាពមិត្ដ ភាព  និង​ចេះជួយគ្នាទៅវិញទៅមកជាមួយអង្គការយុវជននានា  និបណ្ដាញយុវនៅគ្រប់ជំនាន់  ដោយមិនមើលស្រាលអ្នកដ៏ទៃ  និងការបែងចែកប្រកាន់បក្សពួក ដែលអាចធ្វើអោយបែកបាក់សាមគ្គីភាពនៅក្នុងចំណោមយុវជនកាកបាទក្រហមកម្ពុជា  និងទី៧ ស្នើអោយយុវជនកាក​បាទ​ក្រហមទាំងអស់  ត្រូវមានស្មារតីខ្ពស់  នៅពេលបំពេញភារកិច្ចរបស់ខ្លួន  ត្រូវផ្សាភ្ជាប់ចំណេះ​វិជ្ជា ដែលមានស្រាប់  ទៅនឹងការអនុវត្ដ  និងការសិក្សាជំនាញថ្មីៗ  ដើម្បីជួយដល់ជនរងគ្រោះ  និងជនងាយរងគ្រោះនៅក្នុងសហគមន៍  បានទាន់ពេលវេលា  និងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត  ប៊ុន  រានី  ហ៊ុន សែន  បានកើតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះក្មួយៗកាកបាទក្រហម ដែលមានស្មារតីស្នេហាជាតិ បានចូលរួមបំពេញការងារមនុស្សធម៌យ៉ាងសស្រាកសស្រាំ  ស្របតាមគោលនយោបាយយុវជនរបស់ កាកបាទក្រហមកម្ពុជា   និងស្របតាមកម្មវិធីនយោបាយអភិវឌ្ឍន៍យុវជន របស់រាជរដ្ឋាភិបាលនាពេលបច្ចប្បន្ន។  លើសពីនេះ ទៅទៀត  ត្រូវនឹងបំពេញបង្គ្រប់គុណតម្លៃនៃតួនាទីជាជំនួយការអោយអាជ្ញាធរសាធារណៈ  ក្នុងវិស័យ មនុស្សធម៌  ដែលជាតួនាទីស្នូលរបស់ចលនារបស់ កាកបាទក្រហម-អឌ្ឍចន្ទក្រហម  ហើយកាកបាទក្រហមកម្ពុជា  តែងតែប្រកាន់ភ្ជាប់ជារៀងដរាបមក៕