អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា តុលាការប្រជាជន នឹងបង្កបញ្ហាធ្ងន់ធ្ងរ បើគ្មានការដោះស្រាយទាន់ពេលវេលា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ — អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា តុលាការប្រជាជន នឹងនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ សម្រាប់សង្គមជាតិ បើគ្មានការដោះស្រាយទាន់ពេល។ ការលើកឡើងនេះ ក្នុងពិធីផ្សព្វផ្សាយ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍ស្តីពីតុលាការប្រជាជន ការបង្ការ និងការឆ្លើយ តប ទៅនឹង”ការកាត់ទោសដោយមហាជន” កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ សាន់វ៉េ។


ឯកឧត្ដម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌បានថ្លែងថា កាលពីឆ្នាំ២០១៨កន្លង​មក មាន​ហេតុការណ៍មួយបានឡើងដោយមានបុរសជាគ្រូបង្រៀនបានបើកឡានបុកគេ ហើយ​បានបើកឡានរត់គេចដោយជាអកុសលប្រជាពលរដ្ឋចាប់បាន និងជនបង្កក៏នាំគ្នាទៅ ព្រួតវាយរហូតដល់ជិតស្លាប់។ ឯកឧត្ដមបន្តថា ក្រោយមកសមត្ថកិច្ចបានធ្វើការងារស៊ើប​អង្កេត​យ៉ាងសកម្មដើម្បីស្វែងរកជនបង្កអំពើហិង្សា ដោយចេតនាទៅលើបុរស​ដែលត្រូវ​បាន​គេវាយ​ជិតស្លាប់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ។​ ឯកឧត្ដមបានបន្ថែមថា “ចឹងមក​ដល់​ពេលនេះ សវនាការបានបើកនៅខែតុលា ឆ្នាំ២០១៨ ហើយជនដៃដល់ ដែលទទួលខុស​ត្រូវ​ក្នុង​រឿងនេះ ដែលមានចំនួន៧នាក់ ក្នុងនោះ ត្រូវផ្ដន្ទាទោសពីបទបង្កហិង្សាមានស្ថាន ទម្ងន់ទោស ហើយក្នុងនោះ៣ រូបកំពុងអនុវត្តន៍ទោស ៤រូបទៀតកំពុងតែតាមចាប់”។


ឯកឧត្ដមបានកត់សម្គាល់ឃើញថា ចាប់តាំងពីព្រឹត្តិការណ៍មក គេមិនមានហេតុ​ការណ៍​ណាមួយកើតឡើង ឬអំពើហិង្សា ឬការសម្លាប់តាមដងផ្លូវនោះទេ ហើយអ្វីដែលកើត ឡើង ពេលនោះការផ្សព្វផ្សាយមិនទាន់ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឬអាជ្ញាធរសមត្ថកិច្ច មានការខ្វះចន្លោះប្រហោង ឬមន្ត្រីនគបាល តុលាការមានភាពឆកល្វែង។ ឯកឧត្ដមបាន​ចាត់ទុកថា បញ្ហានេះមានផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើយើងគ្មានការដោះស្រាយវា​បានទេ ក្នុងព្រិត្តិការណ៍នៃការសម្លាប់ដែលអំពើហិង្សានឹងក្លាយជាទម្លាប់នៅក្នុងសង្គមយើង។ “បាន ន័យថា អ្នកដែលបានប្រព្រឹត្តជាទម្លាប់ គេរត់គេចសិនមុនមកដោះស្រាយ បើមិនដូច្នេះ គេវាយងាប់ ចំណែកអ្នកដែលវៃគេ នោះនឹងធ្វើឱ្យក្លាយជាទម្លាប់តៗគ្នា ព្រោះថាពេលខ្លះគេ វាយហើយ​គ្មានបញ្ហា ធ្វើឱ្យមានទម្លាប់”។ នេះជាការអះអាងបញ្ជាក់បន្ថែម។
តែទោះបីយ៉ាងណាក៏ដោយ ឯកឧត្ដមបានថ្លែងទៀតថា ដើម្បីដោះស្រាយបញ្ហាហិង្សា​នៅតាម​ទីសាធារណៈ ឬតាមដងផ្លូវ នោះមានតែការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងផ្សព្វ​ផ្សាយឱ្យ​ប្រជាពលរដ្ឋបានងាយយល់ថា ការប្រព្រឹត្តបទល្មើសគឺជាអំពើល្មើសច្បាប់ និងបំពាន​លើកជនរងគ្រោះ។

ជាមួយគ្នានេះដែរ ឯកឧត្ដម ជិន ម៉ាលីន​ ​ក៏បានបន្ថែមទៀតថា​ដើម្បីដោះស្រាយបញ្ហា នេះ គឺយើងមិន​អាចធ្វើការដោះស្រាយតែមួយជ្រុង ហើយទុកមួយជ្រុងបានទេ ព្រោះថា បញ្ហា នេះ​វាកើតឡើងជាប្រព័ន្ធ ដូច្នេះយើងត្រូវការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ការពង្រឹង សម្ថភាព មន្ត្រី​អនុវត្តន៍ច្បាប់ ត្រូវធ្វើការដាក់ទោសទណ្ឌមន្ត្រីដែលមានកំហុសផ្លូវច្បាប់ ឬកំហុសផ្សេងៗ ដែលខ្លួនអនុវត្តន៍។ ទន្ទឹមនេះ ក៏ធ្វើការនាំយកជនជាប់ទោសមកអនុវត្តន៍ ត្រូវតែធ្វើ​មិន​អាច​ធ្វើមួយ បោះបង់មួយនោះទេ ហើយការធ្វើនេះ ត្រូវតែមានការចូលរួមពី​គ្រប់ភាគីពាក់​ព័ន្ធ​ទាំងអស់។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិបានបានឱ្យដឹងថា បទល្មើសនៅកម្ពុជា នៅឆ្នាំ២០១៨កន្លងមក មានការថយចុះគួរឱ្យកត់សម្គាល់ ហើយសម្រាប់ បទល្មើសឆមាសទី១ ឆ្នាំ២០១៩នេះក៏មានការថយចុះដែរ។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថា ពាក់ព័ន្ធការកាត់ទោសដោយមហាជននេះ កាលពីពេលថ្មីៗនេះអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ ក៏មានការដាក់ចេញនូវវិធានការឱ្យកម្លាំងជំនាញ ជាពិសេសនៅ អគ្គស្នង​ការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបង្កើនយកចិត្តទុក​ដាក់​ការងារយាមល្បាតឱ្យបានសកម្ម ធ្វើយ៉ាងណាកុំឱ្យមានបទល្មើសកើនឡើង៕

ដោយ ប៊ុនរិទ្ធ