ក្រសួងទេសចរណ៍ប្រកាសថា ជំងឺគ្រុនឈាមមិនទាន់កើតលើភ្ញៀវទេសចរអន្តរជាតិទេ តែក៏មិនត្រូវទ្វេសប្រហែសដែរ

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងទេសចរណ៍ប្រកាសឲ្យភ្ញៀវទេសចរប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ​គ្រុនឈាមនៅក្នុង​រដូវវស្សានេះ ខណៈប្រជាពលរដ្ឋកម្ពុជាប្រមាណជាង២ម៉ឺនានាក់បានកើតជំងឺនេះ។

 

ឯកឧត្តម តុប សុភក្ត្រ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់អ្នកសារព័ត៌មានថា  រហូតមកដល់ពេលនេះ គ្មានភ្ញៀវទេសចរណាម្នាក់បានកើតជំងឺគ្រុនឈាមនោះទេ ។ ប៉ុន្តែបើទោះបីជាមិនទាន់មានភ្ញៀវទេសចរណាម្នាក់កើតជំងឺគ្រុនឈាមនេះយ៉ាងនេះក្តី ក៏ក្រសួងទេសចរណ៍បានណែនាំអោយមន្ទីរទេសចរណ៍រាជធានីខេត្ត និងប្រតិបត្តិករទេសចរណ៍នានាទៀត ត្រូវសហការគ្នាចាត់វិធានការតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលគឺ ៖ទី១ កំចាត់ដង្កូវទឹក និងជម្រកមុសខ្លា នៅតាមទីកន្លែងដែលមានទឹកដក់ ទី២.ចំពោះសំភារៈទឹកដក់ផ្សេងៗនៅជុំវិញកន្លែងស្នាក់នៅនៃភ្ញៀវទេសចរ គឺត្រូវរៀបចំកប់ ឬដុត ឬកំទេច ឬត្រូវរៀបចំទុកដាក់អោយមានរបៀប ទី៣ ត្រូវធ្វើការសំអាតអនាម័យ បរិស្ថានជុំវិញទីតាំងអាជីវម្មរបស់ខ្លួន កុំអោយមានកន្លែងដក់ទឹក និងជម្រកមុសខ្លា។ ទី៤ ករណីភ្ញៀវទេសចរមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់ណែនាំអ្នកជំងឺទៅស្វែងរកសេវាសុខាភិបាលដែលនៅជិតជាបន្ទាន់។

 

លោកស្រី ឆាយ ស៊ីវលីនប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាបាន ស្នើឲ្យមន្ត្រីពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយចុះអប់រំតាមខ្នងផ្ទះប្រជាសហគមន៍នៅតាមតំបន់ជនបទឲ្យបានជាប់ជាប្រចាំពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាមនេះ ព្រោះភ្ញៀវទេសចរភាគច្រើនចូលចិត្តទៅស្នាក់នៅផ្ទះប្រជាពលរដ្ឋនៅតាមជនបទ និងតំបន់ព្រៃភ្នំដែលងាយនឹងមូសខ្លាខាំចំឡងជំងឺគ្រុនឈាម។ ប្រសិនបើមានករណីគ្រុនឈាមកើតឡើងទៅលើភ្ញៀវទេសចរ នោះ វាអាចនឹងប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិដែលចង់ទៅទស្សនាតំបន់អេកូទេសចរណ៍នៅទូទាំងប្រទេសជាក់ជាមិនខាន ព្រោះពួកគេមានការភ័យខ្លាចពីសុខភាពផ្ទាល់ខ្លួន។

 

ក្រសួងសុខាភិបាលប្រកាសថា ក្នុងករណីភ្ញៀវទេសចរមានអាការៈគ្រុនក្តៅខ្លាំង អ្នកជំងឺទៅរកសេវាសុខាភិបាលកុំអោយយឺតជាង៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន និងសូមកុំសាកល្បងព្យាបាលជំងឺនោះដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺក្នុងសេវាឯកជន ដែលគ្មានសមត្ថភាពព្យាបាលជំងឺគ្រុនឈាមអោយសោះ។ គិតចាប់ពីខែមករាមកដល់ខែកក្កដាឆ្នាំ២០១៩នេះ មានករណីអ្នកកើតជំងឺគ្រុនឈាមសរុបជាង ២ម៉ឺនករណី ក្នុងនោះមានអ្នកស្លាប់ចំនួន២៥នាក់ស្មើនឹង០,១២% កើនឡើង៥ដងបើប្រៀបធៀបនឹង ឆ្នាំ២០១៨កន្លងទៅ៕