ក្រុមមន្ត្រីជំនាញបើកកិច្ចសន្ទនារស្តីពីយុទ្ធនាការបញ្ឈប់ការរើសអើងជនរងគ្រោះដោយសារគ្រឿងញៀន

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ វិស័យសុខាភិបាល អង្គការខាណា និងដៃគូនានា នៅ ថ្ងៃ ទី១៩ ខែកក្កដា ឆ្នាំ ២០១៩ បានរៀបចំកិច្ចសន្ទនារស្តីពីយុទ្ធនាការបញ្ឈប់ការរើសអើងជនរងគ្រោះដោយសារគ្រឿងញៀន និងផ្តល់ការគាំទ្រទៅរកសេវាសុខភាព។
ពិធីនេះមានការអញ្ជើ ញចូលរួមពីតំណាងវិស័យសង្គម វិស័យសុខាភិបាល តំណាងអាជ្ញាធរខណ្ឌច្បារអំពៅ តំណាងអធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ក្រុមប្រឹក្សា សង្កាត់ ទាំង៨ នគរបាលប៉ុស្តិ៍ទាំង៨ នៃខណ្ឌច្បារអំពៅ អង្គការដៃគូ សរុប៦០នាក់។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា គ្រឿងញៀនគឺជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ សម្រាប់សង្គមមនុស្ស ហើយបានវិវត្តន៍ស្របទៅតាមចរន្ត នៃភាព រីក ចម្រើនបច្ចេកវិទ្យា វិទ្យាសាស្រ្ត សង្គម និងសេដ្ឋកិច្ច ។
លោក បន្តថាការដោះស្រាយបញ្ហាគ្រឿងញៀនអោយមានប្រសិទ្ធភាព គឺត្រូវមានកិច្ចសហការល្អរវាងស្ថាប័នពាក់ព័ន្ធដោយមានការចូលរួម និងគាំទ្រគ្រប់មជ្ឈដ្ឋាននៃសង្គម ពិសេសមាតាបិតា អាណាព្យាបាល និងគណៈកម្មការសម្របសម្រួល ការព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍នៅតាមឃុំ-សង្កាត់ ចូលរួមទាំងអស់គ្នា ដើម្បីសហគមន៍មានសុវត្ថិភាព ដោយគ្មានរើសអើង។
ឯកឧត្ដម តែង គន្ធី អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍ ថា បញ្ហាគ្រឿងញៀន មិនត្រឹម តែជាបញ្ហាប្រឈមរបស់សង្គមប៉ុណ្ណោះទេ ថែមទាំងជាកត្តាមួយដែលធ្វើឲ្យការងារប្រយុទ្ធនឹងជំងឺអេដស៍មិនទទួលបានជោគជ័យថែមទៀតផង ។
ឯកឧត្ដម បន្តថាតាមរយ:របាយការណ៍របស់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគនៅឆ្នាំ២០១៧ មានអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមអ្នកប្រើគ្រឿងញៀនដោយអ្នកចាក់មានប្រមាណ១៥ភាគរយ និងអ្នកប្រើប្រាស់គ្រឿងញៀនដោយលេប ជក់ ហឺត មានអត្រាផ្ទុកមេរោគអេដស៍៥.៧ភាគរយ ហើយរួមភេទដោយស្រោមអនាម័យមានតែ៤០ភាគរយ ប៉ុណ្ណោះ។ ទាំងអស់នេះគឺជាការព្រួយបារម្ភដែលចាំបាច់ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនផង និងទប់ស្កាត់ការរីករាលមេរោគអដស៍បន្តទៀតផង៕