សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន ផ្ដល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ ដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ

វិទ្យុជាតិកម្ពុជាអត្ថបទ៖លោក ជួន បូណា

ភ្នំពេញ៖សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន ព្រះចៅធិការវត្តសំរោងអណ្ដែត បានផ្ដល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រដែល​គ្មានទីពឹងជាច្រើនគ្រួសារ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពគ្រួសាររបស់ពួកគាត់។

សម្ដេចព្រះសក្យមុនី កិតិ្ដបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន សមាជិកថេរៈសភាសង្ឃនៃពុទ្ធសាសនាកម្ពុជា ព្រះអគារធិការរង នៃអគ្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះមហាសុខុមោ ព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្ដសំរោងអណ្ដែត នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ បានផ្ដល់អំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារផ្ទះបាយ តាមរយៈអ្នកសារព័ត៌មានពិភពថ្មីព័ត៌មាន ដើម្បីយកអំណោយទាំងនេះ ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានទីពឹង និងជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃនៅតាមមូលដ្ឋាន។

សម្ដេចព្រះសក្យមុនី បានមានសង្ឃដីការថា ការផ្ដល់ជំនួយតាមរយៈអ្នកសារព័ត៌មាននេះ ដោយសារសម្ដេចមានការរវល់ ដូច្នេះសម្ដេចមានតែពឹងពាក់អ្នកសារព័ត៌មាន ដើម្បីយកអំណោយទាំងនេះជួយដល់ពួកគាត់បានទាន់ពេលវេលា ដោយពួកគាត់ត្រូវការជំនួយជាចាំបាច់។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំងអស់នេះ សរុបរួមមាន ថវិកា១លាន៦០ម៉ឺនរៀល អង្ករជិត៤០ប៉ាវ ទឹកត្រី៣១កេះ ទឹកស៊ីអ៊ីវ ៣១កេះ មី៣១កេះ ត្រីខ ៣១កេះ ឆ្នាំងបាយ ឆ្នាំងសម្លរ ៦២ ឆ្នាំង ឆ្នាំងខ្ទះ៣១ឆ្នាំង បំពង់ទឹក កំសៀវ៣១ ចានស្រាក់៣១ ធុងអង្ករ៣១ និងសម្ភារផ្ទះបាយមួយចំនួនទៀត៕