លោក ត្រាំ និយាយថា នាវាចម្បាំងអាម៉េរិកបានបំផ្លាញ យន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ Hormuz

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ — កាលពីខែមិថុនាកន្លងទៅ កងកម្លាំងឆ្មាំបដិវត្តអ៊ិស្លាម (IRGC) បានប្រកាសថា ​ពួកគេ​បានបាញ់ទម្លាក់យន្តហោះស៊ើបការអាម៉េរិកមួយគ្រឿងទៅលើដែនទឹកនៃខេត្ត Hormozgan របស់​អ៊ីរ៉ង់។ ក្រុងតេអេរ៉ង់បានអះអាងថា យានអវកាសស៊ើបការណ៍អាម៉េរិក RQ-4 Global Hawk បានរំលោភលើដែនអាកាសរបស់ខ្លួន​ខណៈទីក្រុងវ៉ាស៊ីនតោនអះអាងថា​ ឧបករណ៍នេះ​កំពុងប្រតិបត្តិការលើដែនទឹកអន្តរជាតិ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Jonathan Hoffman បាននិយាយកាលពីថ្ងៃ​ព្រហស្បតិ៍​ថា​ យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានស្ថិតនៅក្នុង «ជួរគំរាមកំហែង» មួយ​នៃនាវាចម្បាំងអាម៉េរិកនៅច្រក សមុទ្រ Hormuz​ មុនពេលត្រូវបានបំផ្លាញដោយកងកម្លាំង​អាម៉េរិក​ក្នុងសកម្មភាពការពារ។

លោក Hoffman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមួយថា ​នៅម៉ោង​ប្រហែល ១០ព្រឹកម៉ោងក្នុងស្រុក នាវា USS Boxer កំពុងស្ថិតនៅក្នុង​ដែនទឹក​អន្តរជាតិ ដែល​រៀបចំចរាចដឹកជញ្ជូនតាមផ្លូវទឹកនៅច្រកសមុទ្រ Hormuz។ ប្រព័ន្ធ​អាកាស​យានិកគ្មាន​មនុស្សបើក(UAS) បានទៅដល់ជិត Boxer ហើយបានស្ថិតក្នុងជួរគំរាម​កំហែងមួយ។ នាវានេះ​បានចាត់វិធានការការពារប្រឆាំងនឹងUAS ដើម្បីធានាសុវត្ថិភាពនៃកប៉ាល់ និងនាវិករបស់ខ្លួន។

នៅពេលមុននេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំបាននិយាយថា នាវា USS Boxer បានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលបានចូលមកក្បែរនាវាប្រហែល ១០០០yards ខណៈវាកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz​។

ថ្លែងនៅពិធីធ្វើបទបង្ហាញមួយ លោក ត្រាំ បាននិយាយថា មានឧបទ្ទវហេតុមួយ​នៅក្នុង​ច្រកសមុទ្រ Hormuz​ នៅថ្ងៃនេះពាក់ព័ន្ធនឹងនាវាពិឃាតអាម៉េរិក USS Boxer ។​សហរដ្ឋ​អាមេរិកសូមរក្សាសិទ្ធិក្នុងការការពារបុគ្គលិកបុគ្គលិក និងផលប្រយោជន៍​របស់យើង​ ហើយ​អំពាវ​នាវដល់ប្រទេសទាំងអស់ថ្កោលទោស ចំពោះការប៉ុនប៉ងរបស់អ៊ីរ៉ង់ក្នុងការរំខាន​ដល់​សេរីភាពនៃការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មសកល៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)