វៀតណាមពិចារណាក្នុងការបញ្ជូនកងកម្លាំងស៊ីវិល ទៅចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៨ ខែកក្កដា សន្និសីទអន្តរវិស័យមួយត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ដើម្បីពិនិត្យមើលឡើងវិញនូវការរៀបចំការដាក់ពង្រាយទីតាំងមន្ទីរពេទ្យកម្រិតពីរ ទី២ ដើម្បីជំនួសទីតាំងមន្ទីរពេទ្យទី១ និងក្រុមហ៊ុនវិស្វករជំនាញ ព្រមទាំងពិចារណាអំពីលទ្ធភាពក្នុងការបញ្ជូនកងកម្លាំងស៊ីវិលទៅចូលរួមសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។


នាយឧត្តមសេនីយ៍ Hoang Kim Phung ប្រធាននាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាពវៀតណាមបាននិយាយថា មន្ទីរពេទ្យកម្រិតពីរ ទី២ នេះ នឹងមានបុគ្គលិកចំនួន៦៣នាក់ និងបុគ្គលិកបម្រុងចំនួន៧នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ១០នាក់។

លោក Phung បានបញ្ជាក់ថា រាល់សកម្មភាពបណ្តុះបណ្តាលទាក់ទងទៅនឹងកិច្ចការយោធា ភាសាបរទេស ភ័ស្តុភារ ចំណេះដឹងខាងវេជ្ជសាស្រ្ត និងថែរក្សាសន្តិភាព ត្រូវបានបំពេញជាទូទៅ។ ក្រុមហ៊ុនវិស្វករជំនាញនឹងមានសមាជិកចំនួន ៣១៩នាក់ ដោយក្នុងនោះមានសមាជិកបម្រុងចំនួន ១៩នាក់ ហើយការបណ្តុះបណ្តាលត្រូវបានអនុវត្តន៍ដោយសហការគ្នា។

វៀតណាមបានចូលរួមនៅក្នុងបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិជាលើកដំបូងកាលពីឆ្នាំ ២០១៤ ជាមួយការបង្កើតនាយកដ្ឋានប្រតិបត្តិការសន្តិភាព នៃក្រសួងការពារជាតិវៀតណាម នឹងបានបញ្ជូនមន្រ្តីដំបូងចំនួន ២នាក់ ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។
រយៈពេល ៥ឆ្នាំក្រោយមក វៀតណាមបានដាក់ពង្រាយមន្ត្រីចំនួន​ ១០០នាក់ ដែលរួមមានស្ត្រី ១២នាក់ ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួនពីរ គឺនៅស៊ូដង់ខាងត្បូង និងនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល។

ថ្លែងនៅក្នុងសន្និសីទនោះ អនុរដ្ឋមន្ត្រីការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ Nguyen Chi Vinh បានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ឱ្យបំពេញភារកិច្ចឱ្យបានគ្រប់ជ្រុងជ្រោយ និងធានាបាននូវសុវត្ថិភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)