EVFTA បង្កើតការជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម

AKP ភ្នំពេញថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩​ — លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបាននិយាយថា ការចរចាដោយជោគជ័យ នឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូធំៗនឹងបង្កើនរូបភាពរបស់វៀតណាមនៅលើឆាកពិភពលោក ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង ដោយថ្មីៗនេះ វៀតណាមទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបទៀតផង។

វៀតណាម និងសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគទុនរវាងសហភាពអឺរ៉ុប-វៀតណាម (EVIPA) នៅក្នុងពិធីមួយនៅទីក្រុងហាណូយកាលពីថ្ងៃទី ៣០ ខែមិថុនា។

លោក Anh បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានវៀតណាមថា កិច្ចចរចារបស់ EVFTA បានបញ្ចប់បន្ទាប់ពីរយៈពេល ៦ឆ្នាំ។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងទុកថា ជាម៉ាស៊ីនមួយសម្រាប់កំណើនសេដ្ឋកិច្ច នឹងបើកឱកាសដល់សហគ្រាសវៀតណាមចូលទៅក្នុងទីផ្សារដែលមានអ្នកប្រើប្រាស់ចំនួន ៥០៨លាននាក់ ជាមួយនឹងផលិតផលក្នុងស្រុកសរុបប្រមាណជា ១៨ទ្រីលានដុល្លារអាម៉េរិក។

លោកបានចាត់ទុកថា EVFTA គឺជាកិច្ចព្រមព្រៀងដែលមានគុណភាពខ្ពស់ ដែលធានាឱ្យមានតុល្យភាពនៃអត្ថប្រយោជន៍សម្រាប់វៀតណាម និងសហភាពអឺរ៉ុប ដោយលោកបាននិយាយថា វាមានសារៈសំខាន់ណាស់ចំពោះសេដ្ឋកិច្ចវៀតណាម ដែលត្រូវបានសង្ឃឹមថា នឹងធ្វើឱ្យទំនិញ និងសេវាកម្មវៀតណាមកាន់តែមានការប្រកួតប្រជែងនៅក្នុងទីផ្សារសហភាពអឺរ៉ុប។

លោកបានកត់សម្គាល់ថា ស្ទើរតែគ្រប់ការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប នឹងត្រូវគេលើកលែងពន្ធគយ ហើយវាគឺជាការប្តេជ្ញាចិត្តខ្ពស់បំផុតរហូតមកដល់ពេលនេះពីដៃគូរបស់វៀតណាមនៅក្នុងកិច្ចព្រមព្រៀង FTA មួយ។

រដ្ឋមន្រ្តីរូបនេះបាននិយាយថា នៅក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ ការប្តេជ្ញាចិត្តរបស់វៀតណាមនៅក្នុងកិច្ចព្រមព្រៀង EVFTA មានកម្រិតខ្ពស់ជាងបណ្ដាកិច្ចព្រមព្រៀង FTA ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) បើប្រៀបធៀបទៅនឹងការប្តេជ្ញាខ្ពស់បំផុតរបស់សហភាពអឺរ៉ុបនៅក្នុង FTA ដែលខ្លួនបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)