ក្រសួងបរិស្ថានចេញប្រកាសកំណត់ទីតាំងអភិរក្សប្រភពដើមសេនេទិចព្រៃឈើ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ១៩ ០៧ ២០១៩៖


ក្រសួងបរិស្ថាន ចេញប្រកាសកំណត់ទីតាំងអភិរក្សប្រភពដើមសេនេទិចព្រៃឈើប្រភេទឈើ ធ្នង់ ច្រេស និងសុក្រម ដើម្បីការពារ និងអភិរក្សប្រភពធនធានធម្មជាតិទាំងនេះឲ្យបានគង់វង្សជានិច្ចនិរន្តរ៍ត។


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់លើប្រកាសនេះថា ការកំណត់ទីតាំងអភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើទាំងនេះ មានគោលដៅ៖ការពារ និងអភិរក្សប្រភេទឈើទាំងនេះ ក្នុងតំបន់ប្រព័ន្ធអេកូឡូស៊ីដើម ព្រមទាំងទប់ស្កាត់សកម្មភាពបទល្មើស និងការពារទីតាំងផ្ទៃដីតំបន់ប្រភពដើមធនធានសេនេទិកព្រៃឈើប្រភេទឈើធ្នង់ ច្រេស​ សុក្រម និងប្រភេទឈើក្នុងស្រុកផ្សេងទៀតដែលមានវត្តមានក្នុងទីតាំងនេះ ក៏ដូចជាបង្កើនគុណភាពពូជប្រភេទឈើធ្នង់ ច្រេស និងសុក្រម តាមរយៈការអភិរក្សក្នុង និងក្រៅតំបន់ប្រព័ន្ធអេកូឡូស៊ីដើម។
ប្រកាសរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលចុះហត្ថលេខានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវ បានផ្តល់ឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៩ ខែកក្កដា បានបន្តថា ប្រកាសថ្មីនេះ ក៏ជាការលើកទឹកចិត្ត និងបង្កើនការចូលរួមពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ និងសាធារណជនក្នុងការការពារ និងការអភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើ ប្រភេទឈើធ្នង់ ច្រេស សុក្រម និងប្រភេទឈើក្នុងស្រុកផ្សេងទៀតឲ្យបានគង់វង្សស្ថិតស្ថេរចីរកាលតទៅ។ ជាមួយគ្នានេះ ក៏លើកកម្ពស់ស្មារតី និងឆន្ទៈរបស់ប្រជាសហគមន៍មូលដ្ឋានក្នុងចូលរួមការការពារនិងអភិរក្សប្រភេទឈើធ្នង់ ច្រេស​ សុក្រម និងប្រភេទឈើផ្សេងទៀត ព្រមទាំងផ្តល់ឱកាសសម្រាប់ការសិក្សាស្រាវជ្រាវស្តីពីលក្ខណៈជីវសាស្ត្រ និងផលប្រយោជន៍នៃប្រភេទឈើក្នុងទីតាំងអភិរក្សទៀតផង។
ប្រកាសរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ទីតាំងអភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើ ប្រភេទឈើធ្នង់ ច្រេស​ និងសុក្រម មានផ្ទៃដីទំហំ១៧០ហិកតា ស្ថិតក្នុងទីតាំងរដ្ឋបាល ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងទីតាំងភូមិសាស្ត្រ ដូចបានកំណត់ក្នុងផែនទីជូនភ្ជាប់ជាឧបសម្ព័ន្ធ មាត្រដ្ឋាន ១/១០.០០០ និងមាននិយាមកា១៩៨៤ (Datum: WGS1984) ។
ប្រកាសនេះ បានកំណត់ភារកិច្ចទទួលខុសត្រូវឲ្យទៅអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ដើម្បីធ្វើការណែនាំបច្ចេកទេស សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងស្តីពីការងារការថែរក្សា ការពារនិងការងារអភិរក្ស និងត្រួតពិនិត្យតាមដាន។ ចំណែក
មន្ទីរបរិស្ថានខេត្តកំពង់ធំ មានភារកិច្ចគ្រប់គ្រង ការពារ អភិរក្សទីតាំងអភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើ ប្រភេទឈើធ្នង់ ច្រេស​ និងសុក្រម និងចាត់វិធានការចាំបាច់នានាតាមនីតិវិធីច្បាប់ ដើម្បីទប់ស្កាត់ បង្ក្រាបគ្រប់សកម្មភាពបទល្មើស ឬអនាធិបតេយ្យក្នុងទីតាំងតំបន់អភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើ ប្រភេទឈើធ្នង់ ច្រេស​ និងសុក្រម ឲ្យមានប្រសិទ្ធភាពខ្ពស់៕