វៀតណាមគាំទ្រកម្ពុជាប្រឆាំងលើការអនុម័តច្បាប់របស់សភាអាមេរិក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត​ ចន្ធូ​៖

មន្ត្រីការបរទេសជាន់ខ្ពស់នៃប្រទេសវៀតណាម ប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជាចំពោះប្រឆាំងលើការអនុម័តច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា២០១៩ របស់សភាអាមេរិក ដោយគ្មាន មូលដ្ឋានយុត្តិធម៌ត្រឹមត្រូវ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម ង្វៀន កុក ហ្សុង (Nguyen Quoc Dung)អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ភាគីវៀតណាម បានបញ្ជាក់ជំហរគាំទ្រចំពោះប្រតិកម្មតបរបស់កម្ពុជាទៅលើការអនុម័តច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា២០១៩ របស់សភាអាមេរិក កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ។
ឯកឧត្តម បានបញ្ជាក់ថា ភាគីវៀតណាមបានចូលរួមបានតាមដាននូវការវិវត្តន៍ផ្សេងៗនៅកម្ពុជា ក៏ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចំពោះការដាក់គំនាបនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជំហរប្រាប់ភាគីវៀតណាមវិញថា ទោះបីជាពេលនេះ កម្ពុជាបានបន្តកម្មវិធីទទួលយកជនភៀសខ្លួនពីសហរដ្ឋអាមេរិកក្រោយឆ្នាំ១៩៩៤ឡើងវិញក៏ដោយ ក៏អាមេរិកនៅតែបន្តរឹតត្បិតទិដ្ឋាការសម្រាប់មន្ត្រីជាន់ខ្ពស់របស់កម្ពុជា។ នេះបើតាម ការអះអាងរបស់ឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស។
សំឡេង៖ ជម្រាបជូនភ្ញៀវអំពីកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក ជាពិសេសលើការធ្វើមាតុភូមិនិវត្តជនភៀសខ្លួនកម្ពុជា ជាពិសេសក្រោយឆ្នាំ១៩៩៤ ដែលទោះបីជានៅពេលនេះ បានបន្ដកម្មវិធីនេះឡើងវិញក៏ដោយ ប៉ុន្ដែអាមេរិកនៅតែបន្ដរិតត្បិតទិដ្ឋាការ សម្រាប់មន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេស ហើយអាមេរិកនៅតែថា តម្រូវឲ្យកម្ពុជាធ្វើបន្ថែមទៀត ចំណុចទី២ ការគំរាមដកប្រពន្ធ័អនុគ្រោះពន្ធ EBA ដែលការគំរាមនេះ កម្ពុជាបានខិតខំធ្វើការងារយ៉ាងច្រើន ប៉ុន្ដែយ៉ាងណាក៏ដោយអស់លោកអ្នកសារព័ត៌មានជ្រាបហើយ យើងធ្វើយ៉ាងណាក៏ នៅមានបន្ទាត់ក្រហម កម្ពុជាយើងមិនអាចឆ្លងបន្ទាត់ក្រហមនេះបានទេ»។
សូមបញ្ជាក់ថា ការអនុម័តច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា២០១៩ ដែលមានការគាំទ្រដោយគណបក្សធំៗចំនួនពីរ នៅសហរដ្ឋអាមេរិក ដោយសភាជាន់ទាប មុននឹងឈានដល់ការអនុម័តដោយសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនេះ គឺជាការចោទប្រកាន់ចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្តឡើងដោយគោរពសិទ្ធិមនុស្ស និងសេរីភាពនយោបាយ៕