គិរីវង់បញ្ចប់ក្តីសង្ឃឹមលើក្រុមណាហ្គាវើល ខណៈវិខាសាឈ្នះនគរបាលជាតិបញ្ចប់វគ្គ១៦ក្រុម ថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ -ក្រុមគិរីវង់សុខសែនជ័យបានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមខ្លាំងណាហ្គាវើល ក្នុងការប្រជែងកៅអី ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ខណៈវិសាខាក៏បានទម្លាក់ក្រុមអគ្គស្នងការដ្ឋាននគរបាល ជាតិ នៅត្រឹមវគ្គ១៦ក្រុមថ្នាក់ជាតិពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩ ដោយ​២ប្រកួតនេះ គឺជាប្រកួតចុងក្រោយគេ។ ដូច្នេះ២ក្រុមចុងក្រោយ ដែលបានឡើងទៅប្រកួត បន្តនៅវគ្គ៨ក្រុមចុងក្រោយ គឺគិរីវង់សុខសែនជ័យ និងវិសាខា។ ក្រុមគិរីវង់សុខសែនជ័យ យកឈ្នះណាហ្គាវើល ដោយលទ្ធផលសុរបទាំងពីរជើង២-១ ដែលកាលពីជើងទី១ ម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យឈ្នះ២-០ ហើយនៅជើងទី២ កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅកីឡដ្ឋានស្តាតចាស់ គឺណាហ្គាវើល បានយកឈ្នះវិញ១-០ ដែលសម្រេចយ៉ាងតឹងតែង បំផុតដោយកីឡាករ គួច ដានី នៅនាទី៦៦ ប៉ុន្តែជ័យជម្នះ១-០ នៅជើងទី២នេះបានធ្វើឱ្យ ណាហ្គាវើលបានធ្លាក់ចេញត្រឹម វគ្គជម្រុះ១៦ក្រុមនេះហើយ។

ចំពោះក្រុមម្ចាស់ផ្ទះ វិសាខា ដែលយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅជើង​ទី២ កាលពីថ្ងៃទី១៨ ខែកក្កដានេះ ធ្វើសម្រេចក្នុងលទ្ធផល ៤-០ បន្ទាប់ពីកាលពីជើងទី១ វិសាខាយកឈ្នះនគរបាលជាតិ ៦-០ សរុបទាំងពីរជើង គឺ១០-០។ ជាមួយគ្នានេះ ៨ក្រុម​ដែល ត្រូវបានរកឃើញសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤នោះ  រួមមាន៖ ក្រុមការពារ ម្ចាស់តំណែងជើងឯករដូវកាលចាស់ ២០១៨ ក្រសួងការពារជាតិ បឹងកេត ព្រះខ័នរាជ ស្វាយរៀង ភ្នំពេញក្រោន សូលទីឡូអង្គរ អង្គរថាយហ្គឺរ គិរីវង់សុខសែនជ័យ និងក្រុមវិសាខា។

ចំពោះ៨ក្រុមដែលខ្ទាតចេញត្រឹមវគ្គ១៦ក្រុមថ្នាក់ជាតិនេះ គឺ៣ក្រុម ដែល ជាជ័យលាភី​ចំណាត់​ថ្នាក់ លេខ១ដល់លេខ៣ថ្នាក់ខេត្ត មានខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តរតនគីរី ខណៈ ៥ក្រុមក្នុងក្របខ័ណ្ឌលីគ កំពូលកម្ពុជា គឺក្រុមណាហ្គាវើល អាស៊ីអឺរ៉ុប អគ្គស្នងការ​ដ្ឋាននគរបាលជាតិ អគ្គិសនីកម្ពុជា និងក្រុមខេត្ត កំពង់ចាម៕

ដោយ ហេង ណាលីន