ក្រុមទាំង១៤ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា២០១៩ នឹងត្រូវបន្តប្រជែងពិន្ទុគ្នា សប្តាហ៍ទី១៦ នាចុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ -ព្រឹត្តិការណ៍កីឡាបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩ នឹងឈានចូលមក ដល់ការប្រកួតសន្សំពិន្ទុ ជើងទី២សប្តាហ៍ទី១៦ នាចុងសប្តាហ៍នេះ នាថ្ងៃទី២០ និងថ្ងៃទី២១ ខែកក្កដាខាងមុខ ដោយមាន៧ប្រកួតជារៀងរាល់សប្តាហ៍ដែរ។

យោងតាមកម្មវិធីប្រកួតផ្លូវការរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា CNCC នៃ​សហ​ព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញថា ការប្រកួតនៅថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖ ក្រុមយុវជនបាទីប្រកួត ជាមួយអគ្គិសនីកម្ពុជា ខណៈសូលទីឡូអង្គរ​ ប៉ះ​អាស៊ីអឺរ៉ុបយូណាយធីត រីឯបឹងកេតប៉ះជាមួយអង្គរថាយហ្គឺរ។ ចំពោះការប្រកួតនាថ្ងៃ​អាទិត្យ​ទី២១ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវប្រជែងពិន្ទ​ជាមួយក្រុមការពារម្ចាស់តំណែងជើងឯកណាហ្គាវើល ស្របពេលដែលខេត្តកំពង់ចាមជួប ក្រសួងការពារជាតិ ហើយវិសាខាប៉ះជាមួយភ្នំពេញក្រោន ខណៈក្រុមកំពុងឈរលើកំពូល​តារាង​បណ្តោះអាសន្ន ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រជែងពិន្ទុបន្ថែមជាមួយគិរីវង់សុខ​សែន​ជ័យ។

សម្រាប់ក្រុមលើកំពូលតារាងបណ្តោះអាសន្ន គិតត្រឹមសប្តាហ៍ទី១៥ កន្លងមក គឺព្រះ​ខ័នរាជស្វាយរៀង មាន៣៩ពិន្ទុ លេខ២ ណាហ្គាវើល មាន៣៤ពិន្ទុ និងលេខ៣ អង្គរថាយហ្គឺ មាន៣៣ពិន្ទុ ខណៈ១ក្រុមបាតតារាង ដែលប្រឈមនឹងការកាត់ទម្លាក់ចេញពីក្របខ័ណ្ឌលីគ គឺខេត្តកំពង់ចាម ដោយមានត្រឹម៣ពិន្ទុប៉ុណ្ណោះ រីឯយុវជនបាទីក៏ទើបនឹងមាន៣ពិន្ទុដែរ ដោយ​គ្រាន់តែឈរនៅចំណាត់ថ្នាក់លេខ១៣។

សូមបញ្ជាក់ថា ក្រុមទាំង១៤នៃក្របខ័ណ្ឌលីគកំពូលកម្ពុជានឹងត្រូវបន្តកាប្រកួតសន្សំ​ពិន្ទុ​ចំនួន១១សប្តាហ៍ទៀត ដែលគ្រោងនឹងបញ្ចប់ជាផ្លូវការ នាថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩៕

ដោយ ហេង ណាលីន