ក្រសួងកសិកម្មផ្តល់ពូជដំឡូងមី(KU 50)ដើម្បីទប់ស្កាត់កុំឱ្យកើតជម្ងឺ វៃរើសម៉ូហ្សីអ៊ិច

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

កសិករនៅខេត្តស្ទឹងត្រែងចំនួន១៨០គ្រួសារបានទទួល ដើមពូជដំឡូងមី ពីមន្ត្រីជំនាញមន្ទីរកសិកកម្មយកទៅដាំដុះ ព្រោះពូជនេះអាចជៀសវាងបានពីការកើតជម្ងឺ (វៃរើសម៉ូហ្សីអ៊ិច) ចម្លងពីពពួករុយស ហើយមានប្រសិទ្ធភាពធននិងជម្ងឺផ្សេងៗទៀត ក្នុងពេលដែលអាកាសធាតុមានការប្រែប្រួល។


ក្នុងពិធីចែកដើមពូជដំណាំដំឡូងមី(K U 50)ជូនកសិករនៅខេត្តស្ទឹងត្រែង ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា៖ពូជដំណាំដំឡូងមី (K U 50)នេះ បងប្អូនកសិករយើងយកទៅដាំដុះអនុវត្តទៅតាម បច្ចេកទេសដែលមន្ត្រីជំនាញកសិកម្ម បានណែនាំ។ ឯកឧត្តមមានប្រសាសបន្តថា៖មន្ទីរកសិកម្មខេត្តបានចំណាយថវិកាទិញដឹកជញ្ជូនដើមពូជដំឡូងនេះមកពីប្រទេសថៃ ចែកជូនកសិករយើងដោយឥគិតថ្លៃ ព្រោះវា ធននិងជំងឺជាងពូជដំឡូងក្នុងស្រុក ។


លោក កៅ ម៉ាន កសិករនៅភូមិស្រែបេង ឃុំអូរឬស្សីកណ្តាល បានពិនិត្យឃើញថា៖កន្លងមកក៍ដូច ជាបច្ចុប្បន្ន ដំណាំដំឡូងមី កសិករដាំដុះកើតជម្ងឺរួញស្លឹក ហើយដល់ពេលប្រមូលផល បានតិចតួច ឈ្មួញមកទិញបង្អាប់ថ្លៃ ចំណាយតែកម្លាំង និងខាតបង់ទាំងដើមទុន ។


លោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្តបានអះអាងថា៖ពូជនេះកសិករនៅប្រទេសថៃក៍ដូចជាកសិករនៅប្រទេសកម្ពុជាយើងបានដាំដុះទទួលបានជោគជ័យ ទើបមន្ទីរកសិកម្មសម្រេចទិញយកមកចែកជូនបងប្អូនយកទៅដាំបន្តនិងទុកពូជឱ្យបានត្រឹមត្រូវដើម្បីចែកជូនគ្នាទៅវិញទៅមក។
លោកណែនាំថា៖នៅឆ្នាំ២០២០សូមឱ្យបងប្អូនផ្តល់ពូជនេះទៅឱ្យសមាជិកសហគមន៍និមួយៗឱ្យបានគ្រប់គ្នាដើម្បីរួមគ្នាកាត់បន្ថយការប្រើប្រាស់ពូជក្នុងស្រុកដែលនាំឱ្យកើតជម្ងឺទទួលបានទិន្នផលតិច ខាតបង់ដើមទុនក្នុងការដាំដុះ។
សូមបញ្ជាក់ថា៖នេះជាវិធានការលប់បំបាត់ជម្ងឺឆ្លង(វៃរើសម៉ូហ្សីអ៊ិច) ដែលមន្ទីរកសិកម្មខេត្តរៀបចំយន្តការឱ្យកសិកររៀបចំផ្លាសប្តូរពូជដាំដុះគ្រប់គ្រប់គ្នានៅឆ្នាំ២០២០ខាងមុខនេះពីពូជក្នុងស្រុកមកដាំពូជដំដូមី(K U 50)នេះវិញ៕