សណ្ឋាគារមួយក្នុងក្រុងសៀមរាបផ្តល់ឱកាសការងារដល់បុគ្គលិក ជាយុវជន គ-ថ្លង់ ចំនួន៥០នាក់ នៅក្នុងឆ្នាំ២០១៩នេះ

AKP សៀមរាប ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ -ក្រុមហ៊ុនសណ្ឋាគារ ជីអេនហ្ស៉ី អេដិន ព្រីវីលីជ រីហ្សត អេន ស្ប៉ា ( G&Z Eden Privilege Resort & SPA ) គឺជាសណ្ឋាគារមួយដែលបានផ្តល់ឱកាសការងារដល់យុវជន គ- ថ្លង់ ដែលនេះជាគោលការណ៍មួយរបស់សណ្ឋាគារ ក្នុងការរួមចំណែកជួយសង្គម។

លោក យីង សារ៉ាត់ នាយកក្រុមហ៊ុនសណ្ឋាគារ G&Z Investment Group បានឱ្យដឹងនៅក្នុងពិធីសម្ពោធសាខាទី៥របស់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ថា មូលហេតុដែលក្រុមហ៊ុនរបស់លោកទទួលបុគ្គលិកជាយុវជន-យុវតី គ-ថ្លង់ ឱ្យចូលមកធ្វើការ គឺដោយសារតែចង់ជួយដល់ពួកគាត់ទទួលបានប្រាក់កម្រៃមួយសមរម្យ សម្រាប់ជួយដល់ជីវភាពក្នុងគ្រួសាររបស់ពួកគាត់។

លោកបានបន្តថា ពួកគាត់ត្រូវបានទទួលប្រាក់ខែចាប់ពី១៥០ដុល្លារអាម៉េរិកដល់៣៥០ដុល្លារអាម៉េរិក តាមជំនាញនិងទំហំការងាររបស់ខ្លួន ។ គ្រប់រូបនៃបុគ្គលិក គ-ថ្លង់ទាំងអស់ ក៏ទទួលបានភាគហ៊ុន ៨ភាគរយ ក្រោយពេលបានចូលបម្រើការងារជាមួយក្រុមហ៊ុនផងដែរ ហើយក្រុមហ៊ុនក៏ត្រូវបានបរិច្ចាគទឹកប្រាក់ចំនួន ២ភាគរយបន្ថែមទៀត សម្រាប់ការងារសង្គមដែលទាក់ទងទៅនឹងការជួយដល់ជនពិការ គ-ផ្លង់ ផងដែរ ។

លោកនាយកក្រុមហ៊ុនសណ្ឋាគារ G&Z Investment Group បានបញ្ជាក់ថា មានមនុស្សជាច្រើនណាស់ដែលមានចម្ងល់ថា តើក្រុមហ៊ុនធ្វើការជាមួយយុវជន គ-ថ្លង់ យ៉ាងដូចម្តេច ?   តាមពិតបុគ្គលិក គ-ថ្លង់ ក៏ដូចជាមនុស្សធម្មតាដែរ គ្រាន់តែពួកគេខ្វះកាយសម្បទា មិនអាចនិយាយបាន ឬស្ដាប់ឮតែប៉ុណ្ណោះ។ តែពួកគេអាចសរសេរបាន ហើយពួកគេក៏មានសមត្ថភាពពិសេសបំពេញការខ្វះចន្លោះទាំងនោះផងដែរ ដូចជា មានភាពស្មោះត្រង់ ឈ្លាសវៃ រហ័សរហួន និងអំណត់ព្យាយាម។ ក្រុមហ៊ុនបានព្យាយាមប្រើប្រាស់វិធីសាស្រ្តជាច្រើន ជាមួយនឹងបទពិសោធន៍ផងដែរ ដែលអាចធ្វើឱ្យក្រុមហ៊ុនធ្វើការបានយ៉ាងល្អជាមួយពួកគេ ហើយនឹងមានមោទនភាពដោយសារតែពួកគេ បានកែប្រែជីវិតរស់នៅក្នុងសង្គមក្នុងតម្លៃមួយយ៉ាងប្រសើរ ។ ទាំងនេះហើយដែលក្រុមហ៊ុនរបស់លោកមានគោលការណ៍ដ៏ជាក់លាក់ គឺមិនត្រូវបោះបង់អ្នក គ-ថ្លង់ នោះឡើយ ពួកគេក៏មានសមត្ថភាពដូចមនុស្សធម្មតាដែរ សំខាន់គឺការផ្តល់ឱកាសសម្រាប់ពួកគេ ដែលនេះជាចំណែកមួយជួយអភិវឌ្ឍន៍ដល់សង្គមជាតិ។ បច្ចុប្បន្នបុគ្គលិកជាយុវជន គ-ផ្លង់ កំពុងបម្រើការងារក្នុងក្រុមហ៊ុន សណ្ឋាគារ G&Z Investment Group មានប្រមាណពី ២៥ទៅ៣០ភាគរយ នៃចំនួនបុគ្គលិកសរុប។ លោកបានឱ្យដឹងដែរថា ក្រុមយុវជន គ-ថ្លង់ ចំនួន៥០នាក់ ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់លោក គឺមួយភាគធំមកពីអង្គការគ្រួសារថ្មី និងមួយចំនួនទៀត មកពីតំបន់ផ្សេងៗ ដែលជាមិត្តភ័ក្តរបស់ពួកគេ។ នៅឆ្នាំខាងមុខនេះលោកនឹងពង្រីកសាខាបន្ថែមទៀត ក្នុងគោលដៅទទួលយុវជន គ-ថ្លង ចូលបម្រើការងារឱ្យបាន ១៥០នាក់ ។

កញ្ញា ជន់ ចំរើន ជាយុវតី គ-ថ្លង់ ដែលមានតួនាទីជាអ្នកគ្រប់គ្រងភោជនីយដ្ឋានរបស់ក្រុមហ៊ុនសណ្ឋាគារ G&Z Investment Group បានបង្ហាញអារម្មណ៍រីករាយកក់ក្តៅ ដែលក្រុមហ៊ុនបានទទួលយុវជន គ-ថ្លង់ឱ្យចូលបម្រើការងារ។ កញ្ញាបានសំណូមពរឱ្យក្រុមហ៊ុនផ្សេងៗទៀតជ្រើសរើសយុវជន គ-ថ្លង់ ចូលបម្រើការងារដូចក្រុមហ៊ុនសណ្ឋាគារ G&Z Investment Group ដែរ៕

ដោយ ឃុត សៅ