កម្លាំងជំនាញរដ្ឋបាលជលផលខេត្តកំពង់ចាម បង្ក្រាបបទល្មើសនេសាទនៅទំនប់រលំពោធិ៍ និងទំនប់ជ្រោយអណ្ដូង ខណៈបទល្មើសនៅតែបន្តកើតមានឡើង

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម៖

កម្លាំងជំនាញរដ្ឋបាលជលផល បានចុះបង្ក្រាបបទល្មើសនេសាទនៅទំនប់រលំពោធិ៍ និងទំនប់ជ្រោយអណ្ដូង ឃុំ មៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ខែកក្ដដា។


ក្នុងប្រតិបត្តិការនោះ រឹមអូសបានលូស្បៃមុងចំនួន ៣១មាត់ របាំងស្បៃមុងប្រវែង ៧១៣ម៉ែត្រ បង្គោលចម្រឹងចំនួន៤២៥ដើម ឧបករណ៍រ៉ាវ ចំនួន០៤មាត់ របាំងឧបករណ៍រ៉ាវប្រវែង១០៥ម៉ែត្រ និងបានចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន២៨ គីឡូក្រាម។


សូមបញ្ជាក់ថា ការចុះបង្ក្រាបនេះ ក្រោមការបញ្ជារពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យកងកម្លាំងជំនាញជលផលកំពង់ចាម ដឹកនាំមន្រ្តី ផ្នែក សង្កាត់និងសហការណ៍ជាមួយសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះបង្ក្រាបបទល្មើលជលផលនេះ។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា រដូវបិទនេសាទសម្រាប់ឆ្នាំ២០១៩នេះ គឺ ចាប់ផ្ដើមពីថ្ងៃទី១ខែមិថុនា រហូតដល់ថ្ងៃទី៣០ខែកញ្ញា ចំពោះដែននេសាទទឹកសាបស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ដែលរួមមាន បណ្តាខេត្តទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្តា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគីរី មណ្ឌលគីរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ រាជាធានីភ្នំពេញ និងខេត្តកណ្តាលផ្នែកខាងជើង ចតុម្មុខ។ចាប់ផ្ដើមពីថ្ងៃទី១ខែកក្កដា រហូតដល់ថ្ងៃទី៣១ខែតុលា ចំពោះដែននេសាទទឹកសាបស្ថិតនៅខាងងត្បូងខ្សែស្របទន្លេចតុម្មុខ រួមមានរាជាធានីភ្នំពេញ ផ្នែកខាងត្បូងចតុម្មុខ ខេត្តកណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងខេត្តស្វាយរៀង។នៅក្នុងរដូវបិទនេសាទនេះ មិនអនុញ្ញាតឱ្យប្រើឧបករណ៍ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាមនិងឈ្នុកនោះឡើយ ដោឡែកឧករណ៍មងអាចធ្វើនេសាទបានត្រឹមតែប្រវែង១០០ម៉ែត្រប៉ុណ្ណោះ៕