ក្រសួងមហាផ្ទៃស៊ែប៊ីអះអាងថា​ គ្មានគ្រាប់បែកបង្កៃក្នុងយន្តហោះអាល្លឺម៉ង់នោះទេ

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖

ក្រសួងមហាផ្ទៃស៊ែប៊ីបាននិយាយថា ការគំរាមបំផ្ទុះគ្រាប់បែកលើយន្តហោះដឹកអ្នកដំណើរមួយគ្រឿងទៅកាន់ទីក្រុង ហ្វ្រែងហ្វ័ត (Frankfurt) របស់ក្រុមហ៊ុនអាកាសចរណ៍ លូហ្វថាន់សា (Lufthansa) នៃប្រទេសអាល្លឺម៉ង់ ដែលមានអ្នកដំណើរសរុប ១៣០នាក់ គឺជាព័ត៌មានក្លែងក្លាយ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Routers កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃស៊ែប៊ីបានឲ្យដឹងទៀតថា ក្រោយពីធ្វើការចុះចត និងជម្លៀសមនុស្សចេញអស់ វេលាម៉ោង ៦៖១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅអឺរ៉ុបខាងកើត) មន្ត្រីប៉ូលិសជំនាញបាន ពិនិត្យយន្តហោះនោះភ្លាមៗតែម្តង ប៉ុន្តែគ្មានគ្រាប់បែក ឬវត្ថុគួរឲ្យសង្ស័យអ្វីនោះឡើយ។

ពេលនេះប៉ូលិសកំពុងស៊ើបអង្កេតរកជនដែលបានបង្ករឿងប្រឌិតនោះ ។ទោះបីជាយ៉ាងណា ជើងហោះហើរ ត្រូវបានអនុញ្ញាតបន្តដំណើរទៅកាន់ទីក្រុងហ្វ្រេងហ្វ័ត ប្រទេសអាល្លឺម៉ង់ជាធម្មតាវិញ។  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន Reuters