គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាងភក្តី

ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខណៈពេលគ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ឆ្នាំ២០១៩ បានកើនឡើង៥៣៨ករណី ដោយ សម្លាប់មនុស្ស១០៣៣នាក់ និងរបួសចំនួន៣២២៤នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្រសួងបានពង្រឹងការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស កាត់ទ្រុងឡានធំៗ ការបង្កើតមជ្ឈមណ្ឌលបើកបរយានយន្តធុនធ្ងន់ ការបង្កើតមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការកសាងច្បាប់បទដ្ឋានដើម្បីគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឲ្យមានសុវត្ថិភាព ការត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទីកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានដាក់ចេញនូវវិធានការសំខាន់ៗ មួយចំនួនរួមមាន៖ ការរឹតបន្តឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់និងបទដ្ឋានសុវត្ថិភាពនិង ចរាចរណ៍ផ្លូវគោក ការរៀបចំផ្លូវថ្នល់ឲ្យមានសុវត្ថិភាព និងការសិក្សាស្រាវជ្រាវកែលម្អខ្លឹមសារច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានក្នុងកម្រិតអប្បបរមា។

ការឲ្យដឹងនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្រសួងក៏បានខិតខំ និងសម្រេចបានសមិទ្ធផលសំខាន់ៗដូចជា៖ ការជួសជុលថែទាំផ្លូវ ការពង្រីកបណ្តាញផ្លូវ ការដាក់ស្លាកសញ្ញា ចែកមួកសុវត្ថិភាព និងចំណាំងផ្លាតសម្រាប់បិទយានយន្ត និងបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿន ការដាក់ឲ្យដំណើរការកម្មវិធីថែទាំផ្លូវ ការកែទម្រង់ការងារគ្រប់គ្រងមធ្យោបាយដឹកជញ្ជូន ការសម្រេចលើអនុក្រឹត្យស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ដើម្បីជាវិធានការកែលម្អសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះសមិទ្ធផលសម្រេចបានល្អៗ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលឆ្លើយតបចំពោះរាជរដ្ឋាភិបាលក្នុងការកែទម្រង់វិស័យសាធារណការ និងដឹកជញ្ជូន កាត់បន្ថយភាពក្រីក្រ តាមរយៈការពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូន ព្រមទាំងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ បានកើតឡើងចំនួន២.១៧១លើក បណ្តាលឲ្យស្លាប់ចំនួន១.០៣៣នាក់ និងរបួសចំនួន៣.២២៤នាក់ ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន៦នាក់ និងរបួសចំនួន១៨នាក់។

បើប្រៀបឆមាសទី១ ឆ្នាំ២០១៨ ចំនួនគ្រោះថ្នាក់ចរាចរណ៍នេះ បានកើនឡើងចំនួន៥៣៨ករណី ស្មើនឹង៣៣ភាគរយ ក្នុងនោះស្លាប់កើនឡើងចំនួន១០៣នាក់ ស្មើនឹង១១ភាគរយ និងរបួសកើនឡើងចំនួន៨២៥នាក់ ស្មើនឹង៣៤ភាគរយ៕