ព្រឹទ្ធសភាកម្ពុជាសោកស្តាយចំពោះសភាជាន់ទាបសហរដ្ឋអាមេរិកដែលអនុម័តច្បាប់ប្រឆាំងប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជាសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសភាជាន់ទាបរបស់សហរដ្ឋអាមេរិកដែល បានអនុម័តច្បាប់ សេចក្តីស្នើច្បាប់ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ ដែលនេះគឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភាដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី១៨ ខែកក្កដានេះ បានច្រានចោលនូវ​សេចក្តីស្នើច្បាប់ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ដែលអនុម័តដោយសភាជាន់​ទាបសហរដ្ឋ​អាមេរិកកាលពីពេលថ្មីៗនេះ ខណៈដែលកម្ពុជាចាត់ទុកច្បាប់នេះថា មានចរិត​នយោបាយមិន​ឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជា។

ដោយកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិ-សុខសាធារណៈ ហើយប្រឆាំងដាច់ខាតការជ្រៀត​ជ្រែកពីបរទេស ។
ប្រភពដដែលបន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៩៣មក ការបោះឆ្នោតទាំងឡាយនៅកម្ពុជា តែងប្រព្រឹត្តទៅដោយទៀងទាត់​តាមពេលវេលាកំណត់ ដោយមានគណបក្សច្រើនចូលរួម ហើយស្ថិតក្រោមភ្នែករបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ការបោះឆ្នោតទាំងនោះ សុទ្ធតែត្រូវបានទទួលស្គាល់ថា សេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានទាំងអស់គ្នាដែលកម្ពុជា អនុវត្តដោយខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។

ជាមួយគ្នានោះកម្ពុជា បានទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។

យ៉ាងណាក៏ដោយក៏ព្រឹទ្ធសភាកម្ពុជានៅតែគាំទ្រការខិតខំរបស់ប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្អែកលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក៕