រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែខ្លាំងបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ — សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​បន្ត​ជំរុញ ឱ្យភាគីពាក់ព័ន្ធជាពិសេសបណ្តាញផ្សព្វផ្សាយបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវ គោកឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យ​មានកម្រិត​ទាប។ ការលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផល​ការ​ងារ​​សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បើនិយាយតាមគោលការណ៍​បើ​កាល​ណាមានច្បាប់រួចហើយនោះ មិនចាំបាច់អប់រំក៏បានដែរ។ ប៉ុន្តែបើក្នុងន័យជានយោបាយនោះ គឺយើងតែងតែផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋយល់។ សម្ដេចក្រឡាហោម បានលើកជា​ឩទាហរណ៍ថា ក្នុងករណីដែលសមត្ថកិច្ចអនុវត្តន៍ច្បាប់ ហើយមានជនខិលខូច ដែលបាន​ប្រព្រឹត្តលើ្មសច្បាប់ ប៉ុន្តែបែរជាបដិសេធន៍ថាមិនបានល្មើសច្បាប់នៅពេលបញ្ជូនទៅតុលាការ ដោយយកលេសថាខ្លួនមិនបានយល់ច្បាប់នោះទេ។ ទន្ទឹមនេះ បើយល់ច្បាប់ខ្លួន​មិនធ្វើល្មើស​ច្បាប់នោះទេ ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម សង្កត់ធ្ងន់ថា ការឆ្លើយបែបនេះ​គឺមិនរួច​ខ្លួន​នោះទេ។ សម្ដេចក្រឡាហោមបានបន្តថា “ច្បាប់ចរាចរណ៍ផ្លូវគោកក៏ដូចគ្នានោះដែរ សមត្ថ​កិច្ចមិនចាំបាច់អប់រំគាត់ក៏យើងមិនខុសដែរ ប៉ុន្តែជានយោបាយរបស់រាជរដ្ឋាភិបាល គឺត្រូវយក ចិត្តទុកដាក់ដើម្បីជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ”។ សម្ដេចក្រឡាហោមបន្ថែមថា ត្រូវយក​បញ្ហាផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍នេះ គឺជាបញ្ហាសំខាន់បន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រជាពលរដ្ឋបានយល់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែល​បានកើតឡើង​ក្នុង​ពេលបច្ចុប្បន្ននេះ។យោងតាមរបាយការណ៍របស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិ បានជំរុញការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមរយៈការបង្កើនសកម្មភាពការរឹតបន្ដឹងអនុវត្ដន៍ច្បាប់ ចូលរួមផ្សព្វផ្សាយអប់រំច្បាប់ ធ្វើវិស្វកម្មផ្លូវថ្នល់ ការសង្គ្រោះជនរងគ្រោះ និងផ្ដល់កិច្ច ការពារសន្ដិសុខជូនប្រជាពលរដ្ឋ។ លោកជំទាវបន្ដថា ក្នុងការរឹតបន្ដឹងការអនុវត្ដន៍ច្បាប់បាន​ផ្ដោត​ចំពោះអំពើល្មើសដែលបង្កគ្រោះថ្នាក់ដូចជាមិនពាក់មួកសុវត្ថិភាព ការបើកបរលើស ល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនគោរពសិទ្ធិអាទិភាព ការមិន គោរពសញ្ញាចរាចរណ៍ លក្ខណៈបច្ចេកទេសយានយន្ដ ការដឹកជញ្ជូនលើសកម្រិតកំណត់ ដែលសកម្មភាពទាំងនេះ ជាបណ្ដើរៗបានធ្វើឱ្យមានការកែប្រែឥរិយាបថក្នុងការគោរពច្បាប់ ចរាចរណ៍៕

ដោយ ចាន់ សុធីវង្ស រូបថត៖ ឡាញ់ វិសាល