អ្នកនាំពាក្យរាជរដ្ឋាភិបាលសំរាម៨៣កុងតឺន័រនៅខេត្តព្រះសីហនុនឹងចាត់បញ្ជូនទៅប្រទេសដើមវិញ

ភ្នំពេញ៖  អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា សំរាមចំនួន៨៣កុងតឺន័រ នៅខេត្តព្រះសីហនុ នឹងត្រូវចាត់បញ្ជូនទៅប្រទេសដើមវិញ ក្រោយពីស៊ើបអង្កេតរកក្រុមហ៊ុន និងបុគ្គលដែលលូចនាំចូល។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៨ កក្កដានេះ បញ្ជាក់ថា សមត្ថកិច្ចកិច្ចបាននឹងកំពុងរៀបចំដំណើរការនីតិវិធីកំណត់ថាទំនិញហាមឃាត់ជាសំណល់ប្លាស្ទិក៨៣កុងតឺន័រនេះ មកពីប្រភពណាឲ្យពិតប្រាកដ ដើម្បីចាត់បញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធដែលនាំចូលទៅតាមច្បាប់ជាធរមានរបស់ប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះ នៅមិនទាន់ឲ្យដឹងពីអត្តសញ្ញាណក្រុមហ៊ុនលួចនាំចូលសំរាមទាំងនោះបានទេ ដោយសារតែស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ខណៈតាមទិន្នន័យបឋមដែលទទួលបានពីសមត្ថកិច្ចស៊ើបអង្កេត បង្ហាញថា សំណល់ប្លាស្ទិកទាំង៨៣កុងទឺន័រ មានទម្ងន់ប្រមាណ១.៦០០តោន ដែលបង្រ្កាបបាននៅកំពង់ផែស្វយ័តព្រះសីហនុនោះ មានប្រភពមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា។
បើតាមលោកស្រី អេមីលី ហ្ស៊ីប៊ឺក(Emily Zeeberg) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា អាមេរិកកំពុងតាមដានរបាយការណ៍ស្តីសំរាមនៅក្នុងខេត្តព្រះសីហនុ ដែលអាជ្ញាធរកម្ពុជាចោទថា នាំចូលពីអាមេរិក និងកាណាដា។
ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា កម្លាំងសមត្ថកិច្ចជំនាញ បាននឹងកំពុងបន្តការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការនាំចូលសំណល់ប្លាស្ទិក ដែលជាទំនិញត្រូវហាមឃាត់មកកាន់ប្រទេសកម្ពុជា ពិសេសក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ គាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ ក្រោយពីមានការសង្ស័យលើទំនិញដែលមាននៅក្នុងទូរកុងទឺន័រនោះ។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បញ្ជាក់ថា ការបង្ក្រាបលើការនាំចូលសំណល់ប្លាស្ទិកពីបរទេសមកចូលកម្ពុជានៅពេលនេះ បានបញ្ជាក់ពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមុខទំនិញដែលហាមឃាត់ និងប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់ ក្រោយពីមានការលួចនាំចូលដោយឈ្មួញក្លែងឈ្មោះថា ជាផលិតផលសម្រាប់កែច្នៃឡើងវិញ ដោយមិនបានបញ្ជាក់ថា ជាសំណល់ប្លាស្ទិក៕