មន្ទីរប៉ង់តាហ្គោន៖ កូរ៉េខាងត្បូង និងអាម៉េរិក កំពុងរៀបចំ ធ្វើសមយុទ្ធរួមគ្នា​ទោះបីជាមានការព្រមានពីកូរ៉េខាងជើងក៍ដោយ

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ — មន្ទីរប៉ង់តាហ្គោនបាននិយាយកាលពីថ្ងៃអង្គារថា កូរ៉េខាងត្បូង និងអាម៉េរិកកំពុង​រៀប​ចំធ្វើសមយុទ្ធយោធារួមគ្នានៅរដូវ​ស្លឹកឈើជ្រុះ​នេះ បន្ទាប់ពីកូរ៉េខាងជើងបានព្រមានថា​ សមយុទ្ធនេះ​នឹងប៉ះពាល់ដល់លទ្ធភាពនៃកិច្ចចរចានុយក្លេអ៊ែរនៅក្នុងកម្រិតថ្នាក់ការងារ​រវាង​ប្រទេសទាំងពីរ។

ក្រសួងការបរទេសកូរ៉េខាងជើងបានចេញការព្រមានកាលពីថ្ងៃអង្គារ ដោយលើកហេតុ​ផលថា សមយុទ្ធ «19-2 Dong Maeng» ដែលគ្រោងធ្វើនៅខែសីហានោះ គឺផ្ទុយនឹង​ការប្តេជ្ញា​ចិត្តដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើឡើងនៅពេលដែលលោក​បាន​ជួបប្រជុំ​ដ៏ភ្ញាក់ផ្អើលមួយ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន (Kim Jong-un) នៅថ្ងៃទី៣០ ខែមិថុនាកន្លងទៅ។

កូរ៉េខាងជើងបាននិយាយថា ប្រសិនបើសមយុទ្ធយោធាពិតជាឆ្ពោះទៅមុខមែននោះ វា​នឹង​ប៉ះពាល់​ដល់​កិច្ចចរចា​កម្រិតការងាររបស់កូរ៉េខាងជើង និងអាម៉េរិក។ យើងនឹងបង្កើតការ​សម្រេចចិត្តរបស់យើង ស្តីពីការបើកកិច្ចចរចាកម្រិតការងារកូរ៉េខាងជើង-អាម៉េរិក​ ខណៈ​ពេល​ដែល​កំពុងឃ្លាំមើលការផ្លាស់ប្តូររបស់     សហរដ្ឋអាមេរិកនៅថ្ងៃក្រោយ។

នៅពេលគេសួរអំពីជំហររបស់អាម៉េរិក អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន​លោក វរសេនីយ៍​ឯក Dave Eastburn បាននិយាយថា កម្មវិធីសមយុទ្ធនេះត្រូវបានកែសម្រួលរួចហើយ ​ដោយ​សហការជាមួយកូរ៉េខាងត្បូង ដើម្បីរក្សាឥរិយាបថត្រៀមខ្លួនរបស់ពួកគេ និងគាំទ្រការទូតជា មួយ​កូរ៉េខាងជើង។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ការធ្វើសមយុទ្ធជាទៀងទាត់នេះបាន​បង្ហាញពីការ​ប្តេជ្ញាចិត្តរបស់​អាម៉េរិក​ចំពោះសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិក និងដើម្បីការពារដល់​ឧបទ្វីបកូរ៉េ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)