ការត្រៀមរៀបចំបណ្តាព្រឹត្តិការណ៍ការពារជាតិ-យោធាអាស៊ាននៅក្នុងឆ្នាំ​ ២០២០

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩​ — គណៈកម្មាធិការគ្រប់គ្រងរបស់ក្រសួងការពារជាតិស្តីពីអាស៊ានឆ្នាំ ២០២០ បានរៀបចំសន្និសីទមួយនៅទីក្រុងហាណូយកាលពីថ្ងៃទី១៧ ខែកក្កដា ដើម្បីអនុវត្តន៍គម្រោងមួយ ស្តីពីការរៀបចំព្រឹត្តិការណ៍ការពារជាតិ-យោធាអាស៊ាននៅក្នុងឆ្នាំ ២០២០ នៅពេលវៀតណាមធ្វើជាប្រធានអាស៊ាន។

យោងតាមរបាយការណ៍របស់នាយកដ្ឋាន ទំនាក់ទំនងបរទេសរបស់ក្រសួងការពារជាតិវៀតណាមបានឱ្យដឹងថា គម្រោងនេះត្រូវបានអនុម័តកាលពីខែមេសា ឆ្នាំ ២០១៨ ដោយថ្នាក់ដឹកនាំក្រសួងបានសម្រេចបង្កើតគណៈកម្មាធិការគ្រប់គ្រង និងអនុគណៈកម្មការមួយចំនួន ផែនការសម្រាប់អនុវត្តន៍គម្រោង និងបញ្ជីសកម្មភាពពាក់ព័ន្ធ។

ចាប់តាំងពីដើមឆ្នាំ ២០១៩ មក កិច្ចពិគ្រោះយោបល់មាតិកាសម្រាប់ភាពជាប្រធានអាស៊ានរបស់ វៀតណាមក្នុងឆ្នាំ ២០២០ ត្រូវបានធ្វើឡើងនៅគ្រប់កម្រិតតាមរយៈការសន្ទនាគ្នា និងការផ្លាស់ប្តូរគ្នារវាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសដែលពាក់ព័ន្ធ និងនៅខាងក្រៅព្រឹត្តិការណ៍ពហុភាគីនានា។

គណៈកម្មាធិការគ្រប់គ្រងបានសហការជាមួយភ្នាក់ងារពាក់ព័ន្ធនានារបស់ក្រសួងការពារជាតិ និងក្រសួងផ្សេងៗទៀត ដើម្បីធ្វើការរៀបចំទាក់ទងនឹងខ្លឹមសារការទំនាក់ទំនង ក៏ដូចជាការបណ្តុះបណ្តាលជំនាញខាងផ្នែកបដិសណ្ឋារកិច្ច និងភាសាផងដែរ។
ថ្លែងនៅក្នុងសន្និសីទនោះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ទាំងនេះសម្រាប់ឆ្នាំ ២០២០ ខាងមុខ។
លោកក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ផ្នែកនយោបាយដែលនាំឱ្យទទួលបានជោគជ័យក្នុងតួនាទីភាពជាប្រធាន ហើយលោកក៏បានសង្កត់ធ្ងន់អំពីតួនាទីរបស់កងទ័ពប្រជាជនវៀតណាម ក្នុងការធ្វើ សមាហរណកម្មសកលលោក និងការរួមចំណែកដល់ភាពជោគជ័យរបស់ប្រទេសជាតិនៅក្នុងឆ្នាំ ២០២០។

លោក Vinh បានផ្តល់អនុសាសន៍ដល់ទីភ្នាក់ងារនានារបស់ក្រសួងការពារជាតិឱ្យយកចិត្តទុកដាក់ នឹងធ្វើការវិនិយោគសមស្របក្នុងការរៀបចំព្រឹត្តិការណ៍នេះ ជាពិសេសទៅលើផ្នែកធនធានមនុស្សការធ្វើផែនការ និងការសម្របសម្រួល៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)