វៀតណាម និងឡាវរៀបចំកិច្ចពិគ្រោះយោបល់នយោបាយ លើកទី ៤ នៅទីក្រុងវៀងចន្ទន៍

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៦ ខែកក្កដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងសមភាគីឡាវ លោក Khamphau Onthavanh បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៤ រវាងក្រសួងការបរទេសទាំងពីរនៅទីក្រុងវៀងចន្ទន៍។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានសម្តែងការសប្បាយរីករាយចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាម និងឡាវ ដោយមានសកម្មភាពសហប្រតិបត្តិការសំខាន់ៗជាច្រើននៅឆមាសទីមួយនៃឆ្នាំ២០១៩​ នេះ រួមទាំងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការរបស់ អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម និងប្រធានាធិបតីវៀតណាម លោក Nguyen Phu Trong ទៅកាន់ប្រទេសឡាវកាលពីខែកុម្ភៈ។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរដែលរួមចំណែកដល់ចំណងទាក់ទងទ្វេភាគី។ អាស្រ័យហេតុនេះ ពួកគេនឹងធ្វើការសម្របសម្រួលដើម្បីធានាដល់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយជំរុញឱ្យបណ្តាក្រសួង សាខា និងវិស័យនានា អនុវត្តន៍ឯកសារដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព នឹងធ្វើឱ្យមានការត្រៀមរៀបចំយ៉ាងល្អិតល្អន់សម្រាប់កិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកទី៦ នៅវៀតណាម។

តាមរយៈកិច្ចពិភាក្សាយ៉ាងយូរអំពីស្ថានភាពនៅក្នុងសកលលោក និងតំបន់នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាធ្វើការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមថ្មីៗ ដូចជាកំណើនសេដ្ឋកិច្ចមិនជាប់លាប់នៃពិភពលោក ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចពិភពលោក និងវិវាទពាណិជ្ជកម្ម។

ទាក់ទងនឹងគំនិតផ្តួចផ្តើម និងយុទ្ធសាស្រ្តរបស់ប្រទេសមហាអំណាចក្នុងតំបន់ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្រទាំងនេះត្រូវតែរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហ-ប្រតិបត្តិការ និងការអភិវឌ្ឍ គោរពច្បាប់អន្ដរជាតិ ក៏ដូចជាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រជាជាតិទាំងអស់ ព្រមទាំងធានាឱ្យបាននូវតួនាទីស្នូល របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។

ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន ពួកគេបាននិយាយថា ប្លុកនេះទទួលបានសមិទ្ធផលសំខាន់ៗក្នុងការកសាងសហគមន៍អាស៊ានដ៏រឹងមាំមួយ ដែលបានអះអាងអំពីជំហររបស់ខ្លួននៅក្នុងតំបន់អាស៊ី – ប៉ាស៊ីហ្វិក។ ពួកគេក៏បានឯកភាពគ្នាផងដែរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសាមគ្គីភាពនៅក្នុងប្លុក និងលើកកម្ពស់សមត្ថភាពរបស់ប្លុកដើម្បីសម្របខ្លួនទៅនឹងឱកាស និងបញ្ហាប្រឈមនានា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)