អាមេរិកប្រកាសដាក់ទណ្ឌកម្មទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់យោធាមីយ៉ាន់ម៉ា

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍កំពូលរបស់ប្រទេសមីយ៉ាន់ម៉ា គឺលោក មីន អ៊ុងហ្លេង (Min Aung Hlaing) និងមន្រ្តីជាន់ខ្ពស់យោធាបីរូបទៀត ព្រមទាំងក្រុមគ្រួសាររបស់មន្ត្រីយោធាទាំងនេះដែលសុទ្ធសឹងតែជាប់បម្រាមមិនឲ្យចូលទឹកដីសហរដ្ឋអាមរិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។

ការដាក់ទណ្ឌកម្មនេះ គឺជាការឆ្លើយតប ទៅនឹងការចោទប្រកាន់​របស់រដ្ឋាភិបាល​ទីក្រុងវ៉ា​ស៊ីន​តោន ទៅលើភាពអសកម្ម និងកង្វះទំនួលខុសត្រូវក្នុងការទប់ស្កាត់ការធ្វើទុក្ខបុកម្នេញ និង​សម្លាប់​ជនជាតិដើម រ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ការប្រកាសដាក់ទណ្ឌកម្មខាងលើ ធ្វើឡើងចំពេលនៃសន្និសីទអន្តរជាតិថ្នាក់ រដ្ឋមន្ត្រីស្ដីពី​សេរី​ភាពជំនឿ រៀបចំឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ក្រោមការ​ចូល​រួមពីតំណាងជនជាតិដើមរ៉ូហ៊ីងយ៉ា នៅឯក្រសួងការបរទេសអាមេរិក កាលពីថ្ងៃ​អង្គារសប្ដាហ៍​នេះ។


សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៧ យោធាមីយ៉ាន់ម៉ា បានដឹកនាំប្រតិ​បតិ្តការយោ​ធា​បង្រ្កាបក្រុមភេរវករនៅក្នុងរដ្ឋ Rakhine(រ៉ាឃីន) ប៉ុន្តែ ត្រូវបានក្រុមឃ្លាំមើល​អន្តរជាតិចោទ​ប្រកាន់ថាជា “ចេតនាប្រល័យពូជសាសន៍” ដែលបានបណ្ដាលឱ្យជនជាតិរ៉ូហ៊ីង​យ៉ារាប់ពាន់នាក់បាត់បង់ជីវិត ការចាប់រំលោភ ដុតផ្ទះសម្បែង និងជនជាតិរ៉ូហ៊ីងយ៉ាជាង ៧៣០,០០០នាក់ រត់ភៀសខ្លួនទៅកាន់ព្រំដែនប្រទេសបង់ក្លាដែស។ ប្រភព៖ សារព័ត៌មាន Channel News Asia