កម្ពុជាគ្រោងបញ្ជូនសំណល់ប្លាស្ទិចទាំង៨៣កុងទឺន័រទៅប្រភពដើមវិញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​៖


កម្ពុជាគ្រោងបញ្ជូនសំណល់ប្លាស្ទិចទាំង៨៣កុងទឺន័រទៅប្រភពដើមវិញ នៅពេលឆាប់ៗនេះបន្ទាប់ពីសមត្ថកិច្ចជំនាញស្រាវជ្រាវរកប្រភពនៃការនាំចូលកាកសំណល់ប្លាស្ទិកនេះរួចរាល់។

ឯកឧត្ដម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រសួងបរិស្ថាននិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើការស៊ើបអង្កេតឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើករណីទូរកុងទឺន័រចំនួន៨៣ទូរ ដែលផ្ទុកទៅដោយកាកសំណល់សំរាម ដើម្បីស្វែងរកប្រភពដើមថាទំនិញហាមឃាត់ទាំងនេះមកពីប្រភពណាហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញរួចធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។


ឯកឧត្តមបានអៈអាងថា រាជរដ្ឋាភិបាលមានវិធានការច្បាស់លាស់គឺមិនឲ្យមានការយក សំរាមនិងសំណង់ប្លាស្ទិកផ្សេងមកចាក់ចោលនៅកម្ពុជាឡើយ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ពីសំណល់ដែលមានជាតិពុលទំាងនេះ។


រហូតមកដល់ពេលនេះមន្ត្រីជំនាញរបស់យើងបាននិងកំពុងបន្តធ្វើការស៊ើបអង្កេត បន្ថែមទៀតដើម្បីបញ្ជាក់ឲ្យបានកាន់តែច្បាស់ថាតើប្រភពសំរាមដែល ថង់ផ្លាស្ទិចនេះនាំចូលមកពីប្រទេសណាឲ្យពិតប្រាកដថាតើនរណានៅពីក្រោយការនាំចូលនិងជាពិសេសគឺក្រុមហ៊ុនពីព្រោះថាកុងតឺន័រដែលត្រូវបានចាត់ទុកនេះត្រូវបានបញ្ជូនពីបរទេសណាមកពេលស្គេនទៅឃើញថាមានសំណល់ប្លាស្ទិកនៅក្នុងហ្នឹងយើងរង់ចាំមើលក្រុមហ៊ុនដែលមកទទួលយកហើយមិនឃើញនោះទេយើងកំពុងតែបន្តការស៊ើបអង្កេតដើម្បីឈានទៅដល់នីតិវិធីទីមួយគឺការរៀបចំបញ្ជូននៅសំណល់ប្លាស្ទិកទាំងអស់នេះទៅប្រទេសដើមវិញនិងទី ២ធ្វើការផាកពិន័យទៅលើក្រុមហ៊ុនណាដែលនាំចូល ។
ឯកឧត្ដមបានអោយដឹងទៀតថា កន្លងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ជាច្រើនលើករួចមកហើយថា ប្រទេសកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាតចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា។ព្រោះថាកម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរដ្ឋាភិបាលជំទាស់ជានិច្ច នឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា ៕
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ បានរកឃើញកុងទឺន័រចំនួន
៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាម នៅកំពង់ផែខេត្តព្រះសីហនុ ដែលនាំចូលមកពីបរទេស៕