ក្រសួងសុខាភិបាលប្រកាសអំពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនអាចឆ្លងដល់មនុស្សឡើយ

វិទ្យុជាតិកម្ពុជាដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ៖

ក្រសួងសុខាភិបាលប្រកាសអំពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនអាចឆ្លងដល់មនុស្សឡើយ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
អ្នកនាំពាក្យក្រសួងសុខាភិបាលបានអៈអាងថា ទោះបីជំងឺប៉េស្តជ្រូកអាហ្រិកមិនទាន់មាន វាក់សាំងចាក់ការពារទប់ស្តាត់ការរាតត្បាតជំងឺនេះក៏ដោយ ប៉ុន្តែស្ថានភាពជម្ងឺនេះពុំបានបណ្តាលឲ្យឆ្លងដល់មនុស្សឡើយ ពោលគឺវាឆ្លងតែសត្វជ្រូកគ្នាវាប៉ុណ្ណោះ ។
ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បង្កឡើងដោយវីរុសដែលមិនទាន់មានចាក់វ៉ាក់សាំងការពារនៅឡើយទេ ប៉ុន្តែជំងឺនេះមិនបង្កឲ្យប៉ះពាល់ដល់មនុស្សឡើយ ព្រោះថាសាច់ជ្រូកដែលមុននឹងយកមកលក់តាមទីផ្សារ គឺមានការពិនិត្យពីសំណាក់មន្ត្រីជំនាញ ដើម្បីធានាថាសាច់ជ្រូកពិតជាមានសុវត្ថិភាព។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាមេរោគជម្ងឺប៉េស្តជ្រូកនេះចូលក្នុងខ្លួនមនុស្សយើងក៏ដោយក៏មេរោគមួយនេះអាចងាប់នៅក្នុងខ្លួនមនុស្សយើងឬបញ្ចេញចោលតាមរយៈលាមកមិនបង្កបញ្ហាអ្វីឡើយ ។
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបង្ហាញដូច្នេះ ខណៈដែលជម្ងឺប៉េស្តជ្រូកអាហ្រិ្វកកំពុងរាតត្បាតនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាហើយបានធ្វើឲ្យសត្វជ្រូកងាប់ជា ច្រើនក្បាល់ ដែលបង្កភ័យខ្លាចដល់មនុស្សមិនហានបរិភោគ ។
ឯកឧត្តបញ្ជាក់ថាក្រសួងមានវិធានការតឹងរឹងក្នុងការនាំចូលសាច់ សត្វជ្រូកមុននឹងដឹកមកលក់លើទីផ្សារដោយបានសហការពីជំនាញបសុពេទ្យនិងម្ចាស់កសិដ្ឋាននានាដើម្បីកុំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ។
ជំងឺប៉េស្តជ្រូកហ្នឹងគឺជាជំងឺមួយដែលមិនបានឆ្លងមកមនុស្សទេហើយក៏មិនប៉ះពាល់ដល់សុខភាពសាធារណៈដែរ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះជំងឺប៉េស្តជ្រូកអាហ្រ្វិកបាននឹងកំពុងផ្ទុះឡើងនៅ ខេត្ត ត្បូងឃ្មុំ ស្វាយរៀង ខេត្តតាកែវ និងខេត្តកណ្តាល ដែលកន្លងមកជំងឺនេះក៏ធ្លាប់ផ្ទុះនឹងខេត្ត រតនៈគិរី ផងដែរ ។ តាមតួលេខរបស់នាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណៈបសុព្យាបាលបានបង្ហាញថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកបានធ្វើឱ្យជ្រូកចំនួន២៥០០ ក្បាលងាប់ ដែលក្នុងនោះប្រហែល៧០០ ក្បាលត្រូវបានសម្លាប់ចោល ៕