ក្រសួងសុខាភិបាលណែនាំដល់អ្នកលក់ឱសថទាំងអស់មិនត្រូវផ្សំថ្នាំដល់អ្នកជំងឺសង្ស័យមានជំងឺគ្រុនឈាម

១៧ ០៧ ១៩

ភ្នំពេញ៖ក្រសួងសុខាភិបាលណែនាំដល់អ្នកលក់ឱសថទាំងអស់មិនត្រូវផ្សំថ្នាំដល់អ្នកជំងឺសង្ស័យមានជំងឺគ្រុនឈាម ដែលប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

 

ថ្លែងក្រោយសិក្ខាសាលាស្តីពីការចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមនៅព្រឹកថ្ងៃទី១៧កក្កដា នៅទីស្ដីការក្រសួង ឯកឧត្ដមវេជ្ជបណ្ឌិត  លី សូវ៉ាន់  អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា មន្រ្ដីជំនាញបានចុះអប់រំ និងណែនាំដល់ គ្រូពេទ្យេឯកជន និងអ្នកលក់ថ្នាំនៅតាមឱសថស្ថានទាំងអស់កុំលក់ថ្នាំ ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងផ្សំថ្នាំផ្ដេសផ្ដាសដល់អ្នកជំងឺ ដែលសង្ស័យមានជំងឺគ្រុនឈាម ព្រោះអាចធ្វើឲ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិតបាន ។

 

ឯកឧត្ដមបញ្ជាក់ថា ជំងឺគ្រុនឈាមមានលក្ខណៈខុសប្លែកពីជំងឺដ៏ទៃៗទៀតព្រោះទាមទារឲ្យមានការពិនិត្យតាមដាននិងធ្វើរោគវិនិច្ឆ័យព្រមទាំងព្យាបាលអ្នកជំងឺទៅតាមក្បួនខ្នាតត្រឹមត្រូវនិងច្បាស់លាស់ពីគ្រូពេទ្យជំនាញ។

 

លោកវេជ្ជបណ្ឌិត លាង រិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តចូលរួមលប់បំបាត់ជំរកមូសខ្លា ដូចជាសំអាតលំនៅដ្ឋានឲ្យបានស្អាត ទុកដាក់ ឬដុតកំទេចចោលរាល់សម្ភារដក់ទឹកផ្សេងៗ និងសំអាតការដ្ឋានសំណង់ឲ្យបានស្អាត និងអនាម័យល្អជានិច្ច ដើម្បីការពារកុមារ និងមនុស្សចាស់ឲ្យជៀសផុតពីជំងឺគ្រុនឈាម។

សូមបញ្ជាក់ថា នាពេលកន្លងមកមានអ្នកជំងឺគ្រុនឈាមដែលគ្រោះថ្នាក់ដល់ជីវិត គឺបណ្តាលមកពីអ្នកជំងឺព្យាបាលដោយខ្លួនឯង និងទៅរកពេទ្យដែលមិនមានជំនាញឬទៅកន្លែងលក់ឱសថឱ្យគេផ្សំថ្នាំឱ្យលេប ដែលធ្វើឱ្យប៉ះពាល់ដល់សួតដោយសារការប្រើប្រាស់សេរ៉ូមទឹកខ្ពស់ និងធ្វើឱ្យអ្នកជំងឺខូចថ្លើមឬរលាកថ្លើម មានការហូរឈាមដោយសារការប្រើប្រាស់ថ្នាំបញ្ចុះកំដៅច្រើនលើសចំណុះ៕