ក្រុមការងារអន្តរក្រសួង រួមគ្នារកវិធីទប់ស្កាត់ រាល់ការសាងសង់សំណង់ក្បែរគម្រោង អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ស្រី​ ផន​ វាសនា​៖


ការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដីក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានសំរេចប្រគល់ភារកិច្ចជូនអាជ្ញាធរមូលដ្ឋាន (ខេត្តស្រុក ឃុំ និងភូមិ) សហការជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងការចាត់វិធានការទប់ស្កាត់ រាល់ការសាងសង់សំណង់ក្បែរជាប់របងសំណង់មុខផ្លូវរត់ RWY21 និង RWY03 និងការសាងសង់សំណង់ក្នុងបរិវេណ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ។

ការប្រគល់ភារកិច្ចជូនអាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយក្រុមការងារអន្តរក្រសួង និងក្រសួងបរិស្ថាន បន្តពិភាក្សារកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ៦២ គ្រួសារ ដែលបាននឹងកំពុងរស់នៅជាប់របងកែងផ្លូវ ចូលអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ។ក្រុមការងារអន្តរក្រសួង បានដាក់គ្រឿងចក្រដំណើរការសាងសង់របងការពារសុវត្ថិភាព ដី តំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែ កក្កដា នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដី ក្នុងគម្រោងអភិវឌ្ឍន៍ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការរៀបចំសន្តិសុខ សុវត្ថិភាពសម្រាប់កិច្ចប្រតិបត្តិការអាកាសយានគ្រប់ប្រភេទ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមនឹងសមាជិកក្រុមការងារអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធសរុប៣០រូប។