ក្រសួងសុខាភិបាលប្រកាសឲ្យប្រជាពលរដ្ឋក្ដៅខ្លួនចាប់ពី៣៨.៥អង្សាសេលើសពីថៃ្ង ឆាប់បញ្ជូនទៅមន្ទីពេទ្យជាបន្ទាន់

វិទ្យុជាតិកម្ពុជាអត្ថបទ៖លោក ជួន បូណា

ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រកាសឲ្យប្រជាពលរដ្ឋមានអាការៈក្ដៅខ្លួនចាប់ពី៣៨.៥អង្សាសេលើសពីថៃ្ងឆាប់បញ្ជូនអ្នកជម្ងឺមកកាន់មន្ទីពេទ្យជាបន្ទាន់ ដើម្បីពិគ្រោះជំងឺជាមួយគ្រូពេទ្យព្រោះអាចប៉ៈពាល់ដល់អាយុជីវិតដែលបណ្ដាលមកពីការកើតមានជំងឺគ្រុនឈាម។

ក្នុងសន្និសីទសារព័ត៌មានស្ដីអំពីការផ្ទុះឡើងនៃជំងឺគ្រុនឈាម នាព្រឹកថ្ងៃទី ១៧ ខែកក្ដដា នៅទីស្ដីការក្រសួង ឯកឧត្ដម លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសថា បច្ចុប្បន្ននេះកម្ពុជា និងបណ្ដាប្រទេសមួយចំនួនកំពុងមានការផ្ទុះជំងឺគ្រុនឈាម ដែលតម្រូវឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងការពារទប់ស្កាត់នៃការផ្ទុះជំងឺគ្រុមឈាមដោយសារជំងឺគ្រុនឈាមកាន់តែវិវឌ្ឍន៍ធ្ងន់ធ្ងរធ្វើឲ្យអ្នកជម្ងឺបាត់បង់ជីវិតភ្លាមៗ។

ឯកឧត្ដមបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅពេលក្ដៅខ្លួនចាប់ពី៣៨.៥អង្សាសេលើសពីថៃ្ងបើប្រើថ្នាំបញ្ជុះកម្ដៅហើយមិនចុះកម្ដៅ និងមានសញ្ញាសន្លឹម ឫកុមារឡេះឡះ អស់កម្លាំងនិងមានឈឺនៅក្នុងពោះ ដោយថ្លើមរីកធំ ហើយស្បែកត្រជាក់ស្អិត ត្រូវបញ្ជូនកុមារមកពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឫមន្ទីពេទ្យដែលនៅជិតផ្ទះអ្នកជាបន្ទាន់។

ជាមួយគ្នានេះ ឯកឧត្ដមបានណែនាំដល់មាតា បិតា កុំឲ្យចេះតែផ្សំថ្នាំផ្ដេសផ្ដាស នៅពេលកុមារមានអាការៈក្ដៅខ្លួនក្នុងកម្រិត៣៨.៥អង្សាសេឡើងទៅ ព្រោះអាចបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិត ដែលបណ្ដាលមកពីការកើតមានជំងឺគ្រុនឈាមផងដែរ។

លោកវេជ្ជបណ្ឌិត លាង រិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ដ្រនិងបាណកសាស្រ្ដបានលើកឡើងថាការផ្ទុះជំងឺគ្រុនឈាម គឺបណ្ដាលមកពីកត្ដាមនុស្ស និងអាកាសធាតុ។

លោកបានបញ្ជាក់ថា ក្រសួងសុខាភិបាល បានដាក់យុទ្ធចំនួន៥មានដូចជា ការពង្រឹងការបណ្ដុះបណ្ដាលមន្រ្ដីជំនាញការប្រយុទ្ធសាស្រ្ដប្រឆាំងជំងឺឆ្លងការផ្សព្វផ្សាយហានិភ័យនៃជំងឺគ្រុនឈាម និងការតាមដានជាប្រចាំ ដើម្បីទប់ស្កាត់ និងការពារការផ្ទុះជំងឺគ្រុនឈាម ។

សូមបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០១៩ មកដល់ពេលនេះ មានប្រជាពរដ្ឋកើតជំងឺគ្រុនឈាមចំនួនជិត២ម៉ឺននាក់ និងស្លាប់ចំនួន២៥នាក់ ៕