សាកលវិទ្យាល័យមួយរបស់ប្រទេសឥណ្ឌាផ្តល់សញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គមដល់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

សាកលវិទ្យាល័យមួយរបស់ប្រទេសឥណ្ឌាផ្តល់សញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គមដល់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា ដែលបានចូលរួមដឹកនាំប្រទេសប្រកបដោយនីតិរដ្ឋ។
សញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គម ដែលឯកឧត្តមបណ្ឌិត ងួន ញ៉ិល ទទួលបានពីសាកលវិទ្យាល័យ ឆាត្រាប៉ាទី សាហ៊ុ ជី មហារាជ (CHHATRAPATI SHAHU JI MAHARAJ UNIVERSITY) នៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ គឺដើម្បីឆ្លើយតប ក៏ដូចជាលើកទឹកចិត្តដល់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដែលបានខិតខំប្រឹងប្រែងតស៊ូ កសាងប្រទេសជាតិឲ្យក្លាយជានីតិរដ្ឋ ក្រោយពីសង្គ្រាមស៊ីវិល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ណារ៉េស ម៉ាលហូត្រា តំណាងសាកលវិទ្យាល័យនេះ។
ឯកឧត្តមបានបញ្ជាក់ថា ការសម្រេចផ្តល់សញ្ញាបត្រកិត្តិយសថ្នាក់ក្រោយបណ្ឌិតផ្នែកវិទ្យាសាស្រ្តសង្គម ជូនដល់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល នាពេលនេះ មិនមែនជាការចៃដន្យនោះទេ តែបានកើតឡើងពីការស្រាវជ្រាវ និងវាយតម្លៃពីគុណបំណាច់ដ៏ធំធេងរបស់ ងួន ញ៉ិល ដែលបានបំពេញភារកិច្ចជូនជាតិនិងមាតុភូមិ តំាងពីដើមមក ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ចាត់ទុកការផ្តល់សញ្ញាបត្រជូនឯកឧត្តមនៅពេលនេះ ជាការផ្តល់នូវកម្លាំងចិត្ត និងស្មារតីដល់ឯកឧត្តមឲ្យកាន់តែខិតខំបន្តសកម្មភាពបម្រើសង្គមទ្វេដងបន្ថែម ទៀត ពិសេសការរួមចំណែកក្នុងកិច្ចការដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយវឌ្ឍនភាព និង ភាពសុខដុមរម្យនា។ លើសពីនេះ ការទទួលបានសញ្ញាបត្រកិត្តិយសនាពេលនេះ ក៏ជាការទទួលស្គាល់នូវសមិទ្ធផលជាច្រើន ដែលរដ្ឋសភាកម្ពុជាសម្រេចបានដោយជោគជ័យនាពេលកន្លងមក ក្នុងការរៀបចំកិច្ចប្រជុំជាអន្តរជាតិរួមមាន៖ កិច្ចប្រជុំសភាតំបន់អាស៊ីលើកទី៨ និងលើកទី៩ កិច្ចប្រជុំវេទិកាសភាតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២៧ និងកិច្ចប្រជុំអន្តរសភាអាស៊ាន ជាដើម និងការភ្ជាប់ទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជាទៅនឹងបណ្តាប្រទេសជាច្រើនទៀតផងដែរ។ «ការផ្តល់សញ្ញាបត្រនេះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះខ្ញុំ និងក្រុមគ្រួសារ និងស្ថាប័នរដ្ឋសភា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនខ្មែរទាំងមូល។ នេះជាការផ្តល់នូវកម្លាំងចិត្ត និងស្មារតីដល់ខ្ញុំ ឲ្យកាន់តែខិតខំបន្តសកម្មភាពបម្រើសង្គមទ្វេដងបន្ថែមទៀត ពិសេសការរួមចំណែកក្នុងកិច្ចការដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយវឌ្ឍនភាព និងភាពសុខដុមរម្យនា»។
ឯកឧត្តមបន្តថា ការផ្តល់សញ្ញាបត្រនេះ ក៏បានវាយតម្លៃពីការចូលរួមចំណែករបស់ឯកឧត្តម ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗដែលមាន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាដើម៕