ខេត្តស្ទឹងត្រែងលើកទឹកចិត្តឲ្យសហគមន៍កសិករអនុវត្តផលិតកម្មភូមិ១ផលិតផល១

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ១៧ ០៧ ២០១៩៖

អាជ្ញាធរខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែងបានដាក់បង្ហាញនូវផលិតផលមួយភូមិមួយដែល សហគមន៏និងប្រជាពលរដ្ឋផលិតបានស្វែងរកដៃគូគាំទ្រ ដើម្បីបង្កើនគុណភាពផលិតផល សំរាប់ការនាំ ចេញទៅកាន់ទីផ្សារ។


ក្នុងពិធីតាំងបង្ហាញផលិតផល ពីចលនាភូមិ១ ផលិតផល១នៅមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែងថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៩ នេះ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តស្ទឹងត្រែង មានប្រសាសន៍ ថានេះជាមុខរបរមួយជួយសម្រួលដល់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋដែលយើងបានបង្កើតឡើងជាសហគមន៏និងមានមុខរបរ តែនៅខ្វះការគាំទ្រពីអតិថិជននិងទីផ្សារលក់ផលិតផលសំរេច។


លោក កែវ សុធារិទ្ធ ប្រធានសភាពាណិជ្ជកម្មមណ្ឌល ស្ទឹងត្រែង ក្រចេះ រតនគីរី មានប្រសាសន៍ថា៖ផ្នែកសភាពពាណិជ្ជកម្មមានបំណងចង់ជំរុញដល់ការ កែច្នៃគ្រប់ផលិតផល របស់ខេត្ត ឲ្យមានការគាំទ្រពីទីផ្សារនិងសូមស្នើឲ្យផ្នែកពាណិជ្ជកម្មជួយផ្តល់បច្ចេកទេសខាងវេចខ្ចប់ដើម្បីរក្សាកម្មសិទ្ធបញ្ញាមានទុនពង្រឹងផ្នែកផលិតផលនៅតាមភូមិ។
ឆ្លៀតក្នុងឱកាសនេះសំណូមពរប្រជាពលរដ្ឋផលិតផលទាំងអស់នេះសំខាន់ទី១គិតទៅលើគុណភាពធ្វើយ៉ាងណាឲ្យមានគុណភាពទទួលយកបានជាមួយផលិតផលដ៏ទៃៗទៀត ទី២ទៀតសោភណ្ឌភាពឲ្យបានសមរម្យដែរ ហើយមួយទៀតត្រូវគិតពីតម្លៃផង ព្រោះផលិតផលយើងត្រូវប្រកួតប្រជែងជាមួយផលិតផលដ៏ទៃទៀត នៅក្នុងស្រុកផង និងនាំចូលពីប្រទេសក្រៅផង បើសិនជាតម្លៃយើងសមស្របតម្លៃយើងសមរម្យទទួលយកបាន ទីផ្សារយើងមិនអាចចាញ់គេទេ អាចប្រកួតប្រជែងជាមួយគេបាន ហើយជីវភាពយើងក៏ល្អទៅតាមហ្នឹងដែរ ។
លោកស្រី អ៊ុំ សុ ភារៈ មន្ត្រីផ្នែកទីផ្សារ មកពីមន្ទីរកិច្ចការនារីខេត្តបានស្នើសុំឱ្យផ្នែកសហគមន៍ បង្កើនបាននូវផលិតផលនៅក្នុងភូមិ មិនមែន តែចង្កឹះនោះទេ គឺគ្រប់ផលិតផលដែលយើងច្នៃប្រឌិតបានពីវត្ថុធាតុដើម ផលិតផលនិមួយៗ ត្រូវតែមានរចនាបទ មានស្លាកសញ្ញា មានកាលបរិច្ឆេត និងគុណភាព សំរាប់ការប្រើប្រាស់ និងងាយស្រួល។
មួយទៀតលទ្ធផលគាត់ធ្វើហ្នឹងគឺអ្នកខ្លះគាត់បិតស្អាត អ្នកខ្លះបិតអត់ស្អាតទេ ដូចខ្ញុំនៅមជ្ឃមណ្ឌលអញ្ចឹងខ្ញុំមើលតែគាត់បិតស្អាតគុណភាពល្អ បានខ្ញុំទទួលយកពីគាត់ តែបើអត់ស្អាតខ្ញុំអត់យកពីគាត់ទេ អញ្ចឹងទីផ្សារក៏អត់ដើរដែរ បើអត់ស្អាតទេគេជញ្ជូនមកវិញអស់ហើយ អញ្ចឹងមួយទៀតបញ្ហាតម្លៃគាត់ថ្លៃទៀត របស់គាត់អត់ស្អាតហើយ គាត់ផលិតហើយគាត់បោះឲ្យយើងថ្លៃទៀត ខ្ញុំគ្រាន់តែសំណូមពរឲ្យគាត់បិតឲ្យស្អាត់ត្រូវតាមស្តង់ដា ។
លោកស្រីញ៉ុន វណ្ណរ៉ា ប្រធាបសហគមន៍ផលិតទឹកត្រីកោះព្រះបានសំដែងការគាំទ្រ ចំពោះគោលបំណងដ៍ល្អនេះព្រោះផលិតផលរបស់ខ្មែរយើង នៅតាមមូលដ្ឋាននិមួយៗមានវត្ថុធាតុដើមស្រាប់ ចំណាយថវិកាតិច ក្នុងការផលិត អាចធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋរស់នៅបានធូធារដូចនេះសហគមន៍និងខិតខំប្រឹងប្រែងកែច្នៃឱ្យកាន់តែប្រសើរឡើងជាងនេះ ទាំងបរិមាណ គុណភាព និងសោភណ្ឌភាព ទៅលើផលិតផលសម្រេច។
សូមបញ្ចាក់ថា៖ខេត្តស្ទឹងត្រែងពិតជាមានសក្តានុពលផ្នែកវិស័យសេដ្ឋកិច្ចដែលអាចបង្កើតបានតាមរយៈផលិត កម្មភូមិ ១ផលិតផល១ដែលបច្ចុប្បន្នខេត្តមានផលិផលចង្កឹះទ្រាំង ទឹកត្រីព្រះរំកិល ស្រាដំណើបកោះស្នែង ម្នាស់ទឹក ឃ្មុំក្រុងស្ទឹងត្រែង ស្វាយកែវល្មៀត ក្រមារសហគមន៏នារី ការហ្វេឆ្ងាញ់ស្ទឹងត្រែង និងសិប្បកម្មកែច្នៃវត្ងុអនុស្សវរិយ៏ជាច្រើនទៀត ៕