ក្រសួងសាធារណការចាប់ផ្តើមដាក់កាំមេរ៉ាបង្កប់នៅតាមផ្លូវជាតិដើម្បីចាប់អ្នកបើកបរលើសល្បឿនកំណត់

វិទ្យុជាតិកម្ពុជាដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩  ៖


ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមដាក់កាំមេរ៉ានៅតាមផ្លូវជាតិមួយចំនួន ដើម្បីចាប់អ្នកបើកបរលើសល្បឿនកំណត់ សំដៅទប់ស្កាត់បទល្មើសគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យមានអ្នកស្លាប់និងរងរបួសជារៀងរាល់ថ្ងៃ ។


ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការបង្កើនសុវត្ថិភាពចរាចរណ៍នៅលើផ្លូវថ្នល់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ ក្រុមហ៊ុន ឯកជន កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបថា ផ្លូវជាតិមួយចំនួន មានដូចជា ផ្លូវជាតិលេខ៣ ផ្លូវលេខជាតិ៤១ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលខ៣៣ និងផ្លូវជាតិផ្សេងៗទៀតបានដាក់កាមេរ៉ាបង្កប់ ចាប់ល្បឿនអ្នកបើកបរលើសកំណត់ ដើម្បីធ្វើការពិន័យដល់ផ្ទះតែម្តង។
គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កដោយអ្នកបើកបរលើសល្បឿនកំណត់ មិនគោរពច្បាប់ វ៉ាងជែងដោយមិនប្រុងប្រយ័ត្ន ប្រើគ្រឿងស្រវឹង ម្យ៉ាងវិញទៀតក៏យើងរៀបចំដាក់កាមេរ៉ាដើម្បីចាប់អ្នកបើកបរលឿនលើសកំណត់ អញ្ចឹងផ្លូវក៏មានបង្កប់កាមេរ៉ាមួយចំនួនគឺបើកទៅកាមេរ៉ាថតផ្លាកឡានហើយនិងផាកពិន័យយកជូនដល់ផ្ទះតែម្តង គឺមានផ្លូវមួយចំនួនមានកាមេរ៉ា ។
ឯកឧត្តម មានប្រសាសន៍ថា ការដាក់កាំមេរ៉ានេះ ដើម្បីជួយកាត់បន្ថយនៅអាត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យធ្លាក់មកនៅទាបបំផុត ខណៈក្រសួងបានដាក់នៅស្លាកសញ្ញា និងគំនួសស្លាកសញ្ញាផ្សេងៗ ដើម្បីជួយឲ្យប្រជាពលរដ្ឋកាន់តែយល់ដឹងក្នុងពេលធ្វើដំណើរឲ្យមានការប្រុងប្រយ័ត្ន ។
សូមបញ្ចាក់ថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សសរុបចំនួន១០៣៣នាក់ ៕