ប្រមុខការទូតកម្ពុជា ថា ជប៉ុនជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត​ ចន្ធូ​៖


ប្រមុខការទូតកម្ពុជា លើកឡើងថា ជប៉ុនជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយដែលបានឆ្លើយតបទាន់ពេលវេលា និងចំគោល ដៅនៃតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា តាំងពីដើមទស្សវត្សរ៍ ១៩៩០ មក។


ថ្លែងក្នុងឱកាសចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់សរុបចំនួន ៥០០លានយ៉េន នៅទីស្ដីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី១៧ ខែកក្កដានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិ្តបតការអន្ដរជាតិ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា និងជួយជំរុញឲ្យកម្ពុជាសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។
សំឡេង៖ ការចុះហត្ថលេខានៅថ្ងៃនេះ គឺជាលើកទី ៣ ស្ដីពីការផ្តល់ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (ប្រមាណ ៤,៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្ត«គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» តាមរយៈការផ្តល់គ្រឿងចក្រ Stabilizer (ប្រមាណ ១៥ គ្រឿង) សម្រាប់ជួសជុលផ្លូវថ្នល់នៅកម្ពុជា ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបន្តថា កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ក៏បានជំរុញដល់ការបង្កើនទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តជាមួយគ្នាផងដែរ ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៧ ខែឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុ នៃការពិភាក្សាស្ដីពីហិរញ្ញប្បទានរបស់ជប៉ុន ចំនួន៣ លើកមកហើយ ដោយលើកទី១ មានទឹកប្រាក់ចំនួន ៤.៩៣៩ លានយ៉េន (ប្រមាណ ៤៣,៣៦ លានដុល្លារអាមេរិក) លើកទី២ ចំនួន៥៣៩ លានយ៉េន (ប្រមាណ ៤,៨ លានដុល្លារអាមេរិក) និងលើកទី៣ចំនួន ៥០០ លានយ៉េន (ប្រមាណ ៤,៦ លានដុល្លារអាមេរិក)៕