គម្រោងកែលម្អគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅអនុតំបន់ទន្លេមេគង្គ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៦ ខែកក្កដា សិក្ខាសាលាមួយត្រូវបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដើម្បីបើកដំណើរការគម្រោងមួយក្នុងតំបន់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការស្រាវជ្រាវគោលនយោបាយអនុវត្តន៍ និងតស៊ូមតិក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀតណាម។

គម្រោង «បណ្តាញគំនិតសម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ សម្រាប់បណ្តាប្រទេសនៅ​  អនុតំបន់ទន្លេមេគង្គ» ( NARDT ) ត្រូវបានផ្តល់មូលនិធិដោយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងអនុវត្តន៍ដោយវិទ្យាស្ថានគោលនយោបាយ និងយុទ្ធសាស្រ្តសម្រាប់កសិកម្ម និងអភិវឌ្ឍន៍ជនបទ (IPSARD) នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។

គោលបំណងរបស់ NARDT គឺធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការតាមរយៈការបង្កើត បណ្តាញស្រាវជ្រាវ ដើម្បីចែករំលែកបទពិសោធន៍ គោលនយោបាយ និងព័ត៌មានឆ្ពោះទៅរកវិស័យកសិកម្ម និងការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព កំណត់នូវឱកាសបញ្ហាប្រឈម និងបញ្ហាសំខាន់ៗសម្រាប់ វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ អនុវត្តន៍សកម្មភាពគោលនយោបាយរួម ដែលមានទាំងការស្រាវជ្រាវគោលនយោបាយ ការបង្កើតការអនុវត្ត និងការតស៊ូមតិ ព្រមទាំងជួយសម្រួលដល់ការបង្កើតថ្មីនៃការច្នៃ     ប្រឌិតនានា ដែលពាក់ព័ន្ធ។

យោងតាមអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien បានឱ្យដឹងថា វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពសង្គមនៅក្នុងប្រទេស     វៀតណាម មីយ៉ាន់ម៉ា ឡាវ និង កម្ពុជា។

លោក Tien បាននិយាយថា បើទោះបីជាផលិតកម្មកសិកម្មនៅក្នុងអនុតំបន់មានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក៏វានៅតែប្រឈមនឹងការលំបាកជាច្រើនដោយសារតែធនធានតិច ផលិតភាពពលកម្មទាប កំណើនសេដ្ឋកិច្ចយឺត និងគម្លាតកាន់តែខ្លាំងនៃការអភិវឌ្ឍរវាងទីក្រុង និងជនបទ។

លោកបានកត់សម្គាល់ថា បណ្តាប្រទេសនៅក្នុងអនុតំបន់ បាននឹងកំពុងអនុវត្តន៍កំណែទម្រង់គោលនយោបាយប្រកបដោយប្រសិទ្ធភាពមួយចំនួន។ ប្រទេសកម្ពុជា គឺជាឧទាហរណ៍ដ៏ល្អមួយអំពីរបៀបបង្កើតម៉ាកស្រូវ និងខ្សែសង្វាក់តម្លៃ ដើម្បីចូលទៅក្នុងទីផ្សារខ្ពស់ ខណៈដែលប្រទេសឡាវមានបទពិសោធក្នុងការអភិវឌ្ឍផលិតកម្មកសិកម្មស្អាត និងមាននិរន្តភាព។

មន្ត្រីរូបនេះបាននិយាយថា តាមរយៈគម្រោងនេះ វៀតណាមចង់ជំរុញកិច្ចសហប្រតិបត្តិការរវាង       បណ្តាប្រទេសនៅអនុតំបន់ទន្លេមេគង្គ ដើម្បីចែករំលែកនូវការអនុវត្តល្អៗនៅក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ តាមរយៈបណ្តាញពិគ្រោះយោបល់គោលនយោបាយ ដែលមិនត្រឹមតែភ្នាក់ងាររដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)