កុងតឺន័រចំនួន៨៣ទូរ ផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេស ត្រូវកម្លាំងសមត្ថកិច្ចគយ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបាននៅកំពង់ផែក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ -កុងតឺន័រចំនួន៨៣ទូរ មានផ្ទុកកាកសំណល់សំរាម ដែលនាំចូលពីបរទេសត្រូវកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាប បាននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការចុះបើកប្រតិបត្តិការនេះ ធ្វើឡើងកាល​ពីរសៀល​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ ដែលមានក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធបានសម្រេចគាស់ទូរកុងតឺន័រ​ទាំងអស់​នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែក្រុងព្រះសីហនុ។ នេះបើតាមការបញ្ជាក់​ពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ការគាស់ទូរកុងតឺន័រនេះ ដឹកនាំដោយ ឯកឧត្ដម​បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋាន​គយ និងរដ្ឋាករ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ឯកឧត្ដមបានបន្ដថា ការបង្ក្រាបលើការ​នាំ​​ចូលសំរាមពីបរទេសមកចូលប្រទេសកម្ពុជានៅពេលនេះ បញ្ជាក់ពីកិច្ចសហការយ៉ាងស្អិត​រមួតរវាងក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និង​កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងការទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យចូលមកកម្ពុជាបាន។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដទៀតថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះ​ស្ថាប័ន​មានសមត្ថកិច្ចពាក់ព័ន្ធនានាជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហុន ដែលបានចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា​និងប្រកបដោយ​ប្រសិទ្ធភាពលើការនាំចូលទំនិញហាមឃាត់សំរាមនេះ។ ជាមួយគ្នានេះ សមត្ថកិច្ចកិច្ចនឹង​កំណត់​ថា​ទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ ព្រមទាំងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន។

ឯកឧត្ដមបានអះអាងថា ក្រសួងបរិស្ថាននិងសមត្ថកិច្ច ពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេត​ស៊ីជម្រៅបន្ថែមទៀតដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំឱ្យមានការនាំចូលសំណល់​សំរាមនេះ​មកកាន់ប្រទេសកម្ពុជា។

កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូស​បញ្ជាក់ជាច្រើនលើករួចមកហើយថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះ​ការ​នាំចូល​សំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា។ សម្ដេចតេជោបានបន្ថែមថា កម្ពុជាមិន​មែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរាជរដ្ឋាភិបាល ជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិកនិងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា៕

ដោយ ឡុង ស៊ីវ៉ាន់