គណៈកម្មការទី៤ នៃរដ្ឋសភា ឈ្វេងយល់ការងារក្នុងខេត្តរតនគិរី

AKP រតនគិរី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ -នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា(គណៈកម្មការទី៤) បានដឹកនាំសមាជិក សមាជិកា អញ្ជើញចុះបំពេញបេសកកម្ម សិក្សាឈ្វេងយល់ការងារពាក់ព័ន្ធនឹងភារកិច្ចគណៈកម្មការទី៤ ក្នុងខេត្តរតនគិរី។

ក្នុងដំណើរបំពេញបេសកកកម្មនេះ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការខេត្តរតនគិរី គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលស្វាគមន៍ដោយឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ។

នៅក្នុងជំនួបនេះឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៍ជម្រាបជូនអាជ្ញាធរដែនដីពីគោលបំណង បេសកកម្មរបស់គណៈកម្មការជំនាញរដ្ឋសភា គឺដើម្បីសិក្សាឈ្វេងយល់ ពីការអនុវត្តការងាររបស់ខេត្ត លើគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងបញ្ហាមួយចំនួនទៀត ដូចជា ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ។ ឯកឧត្តមប្រធានគណៈកម្មការទី៤ បានលើកទ្បើងថា អាជ្ញាធរមូលដ្ឋានគឺជាផ្នែកមួយសំខាន់ណាស់ ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំបន្តពង្រឹងពង្រីកនូវអភិបាលកិច្ចល្អ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការដឹកនាំប្រទេសជាតិ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការទាំងទ្បាយរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ថង សាវុន បានធ្វើសេចក្តីរាយការណ៍ជូនគណៈប្រតិភូ ពីការរីកចម្រើន លក្ខណៈភូមិសាស្រ្ត សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គមនៅក្នុងខេត្ត ដោយបានគូសបញ្ជាក់ថា ខេត្តបានពង្រឹងថែរក្សាការពារសន្តិសុខ ស្ថិរភាពសង្គមបានរឹងមាំជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក្នុងខេត្តកំពុងរស់នៅដោយសន្តិភាពទទួលបានផលពីការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ៕

ដោយ ណយ នឿន (ប្រភព មន្ទីរព័ត៌មានខេត្តរតនគិរី)