កូរ៉េខាងជើងនិយាយថាកិច្ចចរចានុយក្លេអ៊ែរនឹងមានបញ្ហាបើមានសមយុទ្ធយោធារវាងអាមេរិកនិងកូរ៉េខាងត្បូង

កូរ៉េខាងជើង៖ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្គារនេះថាសហរដ្ឋអាមេរិក ហាក់ដូចជាក្បត់ការសន្យាដែលនិយាយថានឹងមិនធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងឡើយ។   មូលហេតុនេះបានធ្វើឲ្យកូរ៉េខាងជើងមានបំណងចង់បោះបង់ចោលកិច្ចចរចារអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ក្រសួងការបរទេសរបស់កូរ៉េខាងជើងបាននិយាយថា  គំរូរបស់ក្រុងវ៉ាស៊ីនតោនស្តីពីការប្តេជ្ញាចិត្តលុបបំបាត់ជាឯកតោភាគី កំពុងជំរុញកូរ៉េខាងជើងឲ្យ​ពិចារណា ថា គួរតែ​បន្តការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីបញ្ឈប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរនិងមីស៊ីលឆ្លងទ្វីបទាំងឡាយ ដែរឬទេ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេស​បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូលថាបានជំរុញឲ្យមានសមយុទ្ធយោធាមួយនៅរដូវក្តៅឆ្នាំនេះនិងបានហៅសកម្មភាពនោះថាជាការហាត់សមធ្វើសង្គ្រាម ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៧.០៧.១៩)