រដ្ឋបាលខេត្តបើកកិច្ចប្រជុំ ស្តីពីផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ព្រះលានយន្តហោះខេត្ត ព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ -រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំស្តីពីគម្រោងផលប៉ះពាល់ នៃការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិកាដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសមាជិកក្រុមការងារអន្តរក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ។

តាមរបាយការណ៍សង្ខេប ស្ដីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ (KOS) វាមានផលប៉ះពាល់លំនៅឋានមិនរៀបរយមួយចំនួន ដែលតម្រូវឱ្យអាជ្ញាធរ ក៏ដូចជាអាកាសចរណ៍ស៊ីវិលត្រូវចុះត្រួតពិនិត្យ ដោះស្រាយគម្រោងការដ្ឋានសាងសង់របងការពារសុវត្ថិភាព និងដោះស្រាយផលប៉ះពាល់ដីក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ទើបឈានទៅធ្វើការអភិវឌ្ឍព្រលានយន្តហោះប្រកបដោយសុវត្ថិភាព ដើម្បីឱ្យយន្តហោះប្រភេទធុនធំ ចុះចតបាន ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសធ្វើជាម្ចាស់ផ្ទះត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ជុំទី៣ នៅចុងឆ្នាំ២០២០ និងត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ ផងដែរ ។

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់លើគម្រោងសាងសង់របងសុវត្តិភាព និងសំណង់មិនរៀបរយ មុននឹងដាក់គ្រឿងចក្រធ្វើរបងការពារសុវត្ថិភាពនៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ជំហានដំបូងយើងធ្វើការដោះស្រាយផលប៉ះពាល់ជាក់ស្តែង ដើម្បីការពារដីធ្លីដែលត្រូវធ្វើការអភិវឌ្ឍរបស់អាកាសចរណ៍ស៊ីវិលតែប៉ុណ្ណោះ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ នាំមកនូវការរីកចម្រើននូវសេដ្ឋកិច្ចសង្គមថែមទៀតផង ៕

ដោយ ងូ សុមុនី