អភិបាលរងខេត្តកណ្តាលចុះផ្សព្វផ្សាយការឆ្លងរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅស្រុកអង្គស្នួល

AKP កណ្ដាល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ -នៅរសៀលថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល ចុះផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ជូនមេភូមិ មេឃុំ ម្ចាស់កសិដ្ឋាន និង ប្រជាពលរដ្ឋចិញ្ចឹមជ្រូកតាមខ្នងផ្ទះ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងពិធីផ្សព្វផ្សាយ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្តាល បានស្នើឱ្យគ្រប់មេភូមិ មេឃុំ ត្រូវចុះធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លូនឱ្យបានយល់ច្បាស់ ពីបញ្ហានៃការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក សំដៅឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក នេះ។

ឯកឧត្ដមអភិបាលរងខេត្ត បន្តថា វិធានការបង្ការជំងឺជ្រូកប៉េស្តជ្រូកអាហ្វ្រិក នៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការជួយដល់ជីវភាពរបស់ពួកគាត់។ ក្នុងករណីមានផ្ទុះមេរោគនេះកើតឡើង ឯកឧត្ដមស្នើឱ្យអាជ្ញាធរភូមិ ឃុំ និង  មន្ត្រីជំនាញ ត្រូវចុះដល់ទីតាំងផ្ទាល់ ហើយមានវិធានការណ៍បង្ការ និងទប់ស្កាត់នៅនឹងកន្លែង ហាមដាច់ខាតការដឹកជញ្ជូនជ្រូកចេញពីកន្លែងដែលមានផ្ទុះជំងឺនេះ ហើយជ្រូកដែលងាប់ ឬមានជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវយកទៅកប់ចោលនៅនឹងកន្លែង។

ក្នុងពិធីនេះដែរម្ចាស់កសិដ្ឋាន និងប្រជាពលរដ្ឋចិញ្ចឹមជ្រូក ក៏បានលើកឡើងនូវសំនួរ ទាក់ទងជាមួយជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីឱ្យអ្នកជំនាញបានធ្វើការឆ្លើយបកស្រាយផងដែរ។

សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានឱ្យដឹង នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅស្រុកចំនួន ៣ គឺស្រុកស្អាង ស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានបណ្តាលឱ្យជ្រូកងាប់ចំនួន ៨០៩ក្បាល ហើយក៏បានធ្វើការកប់ចោលនៅនឹងកន្លែង៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តកណ្តាល)