សិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនទីតំបន់រសើបខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ -សិក្ខាសាលាជាតិពិគ្រោះយោបល់ ការពិនិត្យសេចក្តីព្រាងចុងក្រោយស្ដីពី ផែនទីតំបន់រសើបខេត្តកំពង់ធំ នៃកម្មវិធីជំរុញផលិតផលស្រូវ និងការនាំចេញអង្ករ បានប្រារព្ធឡើងនៅសណ្ឋាគារក្លរៀ និងស្ប៉ា (Glorious and Spa)ក្រុងស្ទឹងសែន នាព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងឯកឧត្ដម ឈឹម សុគុន្ធ នាយកគម្រោងថ្នាក់ជាតិនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងឱកាសនោះឯកឧត្តម ព្រឹម រដ្ឋា មានប្រសាសន៍ថា ផែនទីរសើបខេត្ត ដែលហៅថា Provincial Hotspot Maps ជាផែនទីដែលបានបង្ហាញឱ្យឃើញនូវតំបន់រសើប ដែលជាតំបន់ងាយរងគ្រោះក្នុងការបាត់បង់ដោយសារមូលហេតុផ្សេងៗ ដែលតម្រូវឱ្យយើងទាំងអស់គ្នា ជាពិសេសអាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញ និងកងកម្លាំងសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារ អភិរក្ស និងកែលម្អតំបន់ទាំងនោះ ឱ្យបានល្អប្រសើរឡើងវិញ។

ឯកឧត្តម ព្រឹម រដ្ឋា ​បានបន្ថែមទៀតថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីឆ្លងសេចក្តីព្រាងផែនទីតំបន់រសើបខេត្តកំពង់ធំ ដែលក្រុមការងារបានរៀបចំរួចហើយ សម្រាប់ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅថ្នាក់ក្រោមជាតិ ជួយពិនិត្យ ផ្តល់យោបល់ កែសម្រួលដើម្បីឱ្យមានការឯកភាពគ្នា ស្របតាមគោលការណ៍ នៃការចូលរួមប្រកបដោយតម្លាភាព។ ក្នុងការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ក្នុងការរួមចំណែកដល់ការគ្រប់ គ្រងបានគ្រប់ជ្រុងជ្រោយ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងសមធម៌ ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្ត និងឯកសារណែនាំអនុវត្តន៍ស្តីពីការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ដែលក្រុមហ៊ុន SBK Research and Development Co., Ltd ទទួលបានសិទ្ធិចុះកិច្ចសន្យាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការផ្តល់សេវាកម្មសិក្សារៀបចំកសាងផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ និងស្នើដល់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធនានា ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវខិតខំបន្តសហការជាមួយក្រុមហ៊ុន SBK រួមជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តសកម្មភាពនេះ។

ឯកឧត្តម ឈឹម សុគុន្ធ មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកទទួលខុសត្រូវលើការកសាងផែនការប្រើប្រាស់ដីនៅក្នុង ឃុំ សង្កាត់ ដែលមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តជាសេនាធិការ សំដៅធានាឱ្យមានការប្រើប្រាស់ដី និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយចីរភាព និងសមធម៌ ។ ឯកឧត្តម បានបន្តទៀតថា អង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាផ្នែកមួយរបស់គម្រោងក្នុងការទទួលខុសត្រូវលើលទ្ធផលទី២ អំពីការធ្វើឱ្យប្រសើរតំបន់ប្រើប្រាស់ដីកសិកម្ម រួមទាំងការបញ្ចូលការវិភាគក្សេត្របរិស្ថាន ឃុំ សង្កាត់ ដែលបានរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅក្នុងផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ដែលជាគោលការណ៍ណែនាំរបស់គម្រោង។ កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករ (Rice-SDP) នេះ កំពុងអនុវត្តន៍នៅខេត្តគោលដៅចំនួន ៣ គឺ ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងខេត្តព្រៃវែង។ ដោយឡែកខេត្តកំពង់ធំ កំពុងអនុវត្តន៍ក្នុង៣០ឃុំ សង្កាត់គោលដៅ ដែលមានក្រុងស្ទឹងសែន ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកបារាយណ៍ ៕

ដោយ ស៊ុម​ វណ្ណា