រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសិក្ខាសាលាស្ដីពី ទេសន្តរប្រវេសន៍ និង នគរូបនីយកម្ម

AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ -កាលពីថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម ក្រោមអធិបតីភាពឯកឧត្តម កិតិ្តសេដ្ឋាបណ្ឌិតឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមលោកជំទាវ លោក លោកស្រី មន្ត្រីរាជការ តំណាងមន្ទីរ ក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលជាច្រើននាក់ទៀត។

ឯកឧត្តម ឆាយ ថន បានមានប្រសាសន៍ថា គោលបំណងសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីការបញ្ជ្រាបការយល់ដឹងអំពីទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តផែនការគោលនយោបាយជាតិ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ផ្សាភ្ជាប់ជាមួយប្រជាជននិងការអភិវឌ្ឍ ដោយផ្ដោតលើបញ្ហាចម្បងៗចំពោះមុខ រួមមាន ៖ បញ្ហាបម្រែបម្រួលប្រជារាស្ត្របញ្ហាមនុស្សវ័យចាស់ បញ្ហាទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម បញ្ហាយុវជន ការអប់រំ និងបញ្ហាសុខភាពបន្តពូជរបស់យុវវ័យ។

ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ​ រាជរដ្ឋាភិបាល​​បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​គោលនយោបាយ​ដីធ្លី​។​ គោលបំណង​ជា​ទូទៅ​ គឺ​សំដៅ​ពង្រឹង​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ និង​ទីផ្សារ​ដីធ្លី​ និង​ទប់​ស្កា​ប់​ ឬ​ដោះស្រាយ​ជម្លោះដីធ្លី​ គ្រប់គ្រង​ដីធ្លី​ និង​ធនធានធម្មជាតិ​ប្រកបដោយ​សមធម៌​ និរន្តរភាព​ និង​ប្រសិទ្ធភាព​ ព្រមទាំង​ជំរុញ​ការ​បែងចែក​ដីធ្លី​ប្រកបដោយ​សមធម៌​ ។ ដើម្បី​សម្រេច​បាន​គោលបំណង​ទាំងនេះ​ រាជរដ្ឋាភិបាល​បាន​បង្កើត​កម្មវិធី​រដ្ឋបាល​ គ្រប់គ្រង​ និង​ បែងចែក​ដីធ្លី​ ដែល​អនុវត្តន៍​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នី​យ​កម្ម​ និង​សំណង់​។​

ឯឧត្តមបានជំរុញឱ្យប្រព័ន្ធគ្រប់គ្រង ពង្រឹង​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ ដើម្បី​ធានា​ទំនុកចិត្ត​ និង​ប្រសិទ្ធភាព​ទីផ្សារ​ដីធ្លី ​ធានា​ការ​គ្រប់គ្រង​ ការការពារ​ និងការ​ប្រើប្រាស់​ដីធ្លី​ និង​ធនធាន ធម្មជាតិ​ប្រកបដោយ​តម្លាភាព​ និង​ប្រសិទ្ធភាព ​ដើម្បី​ធានា​សមធម៌នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ទាំងនៅទីជនបទ និងទីក្រុង និង​រក្សា​និរន្តរភាព​បរិស្ថាន​ និង​ទប់ស្កាត់​ជម្លោះលើ​ការប្រើប្រាស់ដីធ្លី ​​ផ្តល់​ការចង្អុលបង្ហាញកាន់តែច្បាស់លាស់ សម្រាប់​ការ​បែង​ចែក​ និង​ប្រើប្រាស់​ដី​រដ្ឋ​ប្រកបដោយ​តម្លាភាព​ និង​សមធម៌ទាំងសម្រាប់ទិសដៅសាធារណៈ និងឯកជន ដើម្បីផ្ដល់សិទ្ធិកាន់កាប់ស្របច្បាប់ជូនប្រជាពលរដ្ឋ ពួកគាត់យកទៅប្រើប្រាស់ជួយសម្រួលដល់ជីវភាពគ្រួសារកាន់តែប្រសើឡើង ៕​

ដោយ បៃ ស៊ីថុន