កម្ពុជាប្រកាសប្រើប្រាស់ App «Kingdom of wonder» ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍នានាឱ្យកាន់តែខ្លាំង

AKP សៀមរាប ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ — កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ ឬហៅថា Mobile Application (App) ថ្មីលើកដំបូង ដែលមានឈ្មោះថា «Kingdom of wonder» ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនតាមប្រព័ន្ធឌីជីថល ទៅកាន់ទីផ្សារ ទេសចរណ៍ពិភពលោកឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ការប្រកាសដាក់ឱ្យប្រើប្រាស់ App ថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមប្រព័ន្ធឌីជីថល និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទ «Kingdom of wonder» កាលពីព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប។

ឯកឧត្តម គុជ បញ្ញាសា បានមានប្រសាសន៍ឱ្យដឹងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បីបង្កើនការយល់ដឹង និងចែករំលែកបទពិសោធន៍ដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ស្តីពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ក៏ដូចជា ការប្រែក្លាយសេវាកម្មនានាក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពទាក់ទាញ និងមាន ប្រសិទ្ធភាពខ្ពស់ ស្របតាមនិន្នាការថ្មីនៃសាកលលោក នាយុគសម័យ បដិវត្តឧស្សាហកម្ម៤.០។

ឯកឧត្តម គុជ បញ្ញាសា បានបន្តឱ្យដឹងថា និន្នាការនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ទទួលបានការពេញនិយមកាន់តែច្រើនពីសំណាក់ប្រជាជន ក៏ដូចជាទេសចរជុំវិញពិភពលោក ដោយគិតត្រឹមឆ្នាំ២០១៨ មានអ្នកប្រើប្រាស់រហូតដល់ ៤.១ពាន់លាននាក់ ក្នុងនោះ Facebook មានអ្នកប្រើប្រាស់ចំនួន ២.៣២ពាន់លាននាក់ និង YouTube មានអ្នកប្រើប្រាស់ចំនួន ១.៨ពាន់លាននាក់។ ដូច្នេះហើយបានជាក្រសួងទេសចរណ៍កម្ពុជា បានរៀបចំឱ្យមាន កម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» នេះឡើង ដើម្បីដាក់ឱ្យទេសចរជាតិ-អន្តរជាតិទាញយក (Download) ក្នុងប្រព័ន្ធប្រតិបត្តិការ IOS (App Store) និងក្នុងប្រព័ន្ធប្រតិបត្តិការ Android (Play Store) ដោយឥតគិតថ្លៃ។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ឱ្យដឹងទៀតថា កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» គឺជាបណ្តុំព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមាន គោលដៅទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀត ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងគ្រប់ជ្រុងជ្រោយសម្រាប់ភ្ញៀវទេសចរ ដែលមានបំណងទស្សនាកម្ពុជា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ ចូលរួមផ្សព្វផ្សាយដល់បណ្តាញ និងអតិថិជនរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ និងត្រៀមខ្លួនចាប់យកឱកាសទាញ យកប្រយោជន៍ពីប្រព័ន្ធឌីជីថលឱ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសប្រែក្លាយសេវាកម្មក្នុងអាជីវកម្មរបស់ខ្លួន ឱ្យស្របតាមនិន្នាការថ្មីនៃសាកលលោក។

បើយោងតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនោះថាក្នុងឆ្នាំ២០១៨កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.២លាននាក់ ក្នុងកំណើន ១០.៧ភាគរយ និងនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១,៨៧០,០០០នាក់ កើនឡើង ៩.៧ភាគរយ។ តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃខាងលើ ក្រសួងទេសចរណ៍សង្ឃឹមថាទេសចរជាតិ-អន្តរជាតិ និងក្រុមហ៊ុនទេសចរណ៍ ទាំងអស់មានភាពងាយស្រួល ក្នុងការស្វែងរកពត៌មានទេសចរណ៍ ដើម្បីសម្រេចនូវ កំណើនទេសចរអន្តរជាតិ ៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ និងជាង៧លាននាក់នៅឆ្នាំ២០២០៕

ដោយ ហង្ស សៀក